(ភ្នំពេញ)៖ ករណីអគ្គិភ័យដែលបានកើតឡើងនៅភូមិ០៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅព្រលប់ថ្ងៃទី១៥ ខែធ្នូនេះ បានបំផ្លាញបន្ទប់អស់១០បន្ទប់។ បើតាមសមត្ថកិច្ច ករណីអគ្គីភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការេដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ Fresh News ឲ្យដឹងថា ករណីអគ្គិភ័យនេះ មានម្ចាស់ផ្ទះឈ្មោះ នូ រ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ផ្ទះជួល។ ផ្ទះនេះ​ ជាប្រភេទសំណង់ ឈើប្រក់សង្ក័សី ទំហំ៧ម៉ែត្រគុណនឹង២៤ម៉ែត្រ។

ក្រៅពីនេះ អគ្គិភ័យមួយនេះ ក៏បង្កឲ្យមានការខូចខាតសម្ភារ ឆេះបន្ទប់ទំហំ ៤ម៉ែត្រគុណនឹង៤ម៉ែត្រ អស់ចំនួន១០បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ករណីនេះ ក៏មិនបានបណ្តាលឲ្យមាន មនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ព្រុំ យ៉ន។

បើតាមលោក យ៉ន ដើម្បីអន្តរាគមន៍ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន២៧ឡាន។ រថយន្តជំនួយ មានរថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន១ឡាន, រថយន្តជំនួយ ទីក្រុងជ្រោយចង្វារ ចំនួន៤គ្រឿង និងរថយន្តជំនួយ ទីក្រុងកោះពេជ្រ ចំនួន១គ្រឿងផងដែរ៕