(ភ្នំពេញ)៖ អ្នកប្រើប្រាស់ ក៏ដូចជាអ្នកជួញដូរថ្នាំញៀន ដែលសង្គមកំពុងស្អប់ខ្ពើម តែងតែព្រួយបារម្មណ៍ពួនអាត្មាជានិច្ច ភ័យខ្លាចក្រែងសមត្ថកិច្ចចាប់ខ្លួនបាន ប្រឈមជាមួយច្បាប់។ ឯសមត្ថកិច្ចវិញ បានព្យាយាមប្រើគ្រប់វិធានការជុំនាញ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្នុងការតាមស្រាវជ្រាវ បង្ក្រាបជាក់ស្ដែង ទាំងអ្នកប្រើប្រាស់ និងអ្នកជួញដូរថ្នាំញៀនទាំងនោះ ដើម្បីរក្សាសន្តិសុខ និងការអនុវត្តច្បាប់។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតភ្លាមៗ បានឈានទៅលបឆ្មក់បង្ក្រាបជាក់ស្ដែង ហើយឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់ នៅខណៈដែលពួកគេ​កំពុងតែធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន៨កញ្ចប់ និងអាចលើសពីនេះទៀត នៅតាមបណ្ដោយផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបាននោះ ​ឈ្មោះ ថន បារាំង អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (ជួញដូរគ្រឿងញៀន) និងម្នាក់ទៀតឈ្មោះ នី តា អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (ប្រើប្រាស់គ្រឿងញៀន) ដោយប្រតិបត្តិការនេះ ដកហូតបានក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់ ពីឈ្មោះ ថន បារាំង រួមជាមួយកែវសម្រាប់ជក់គ្រឿងញៀនមួយ និងប្រាក់ចំនួន​៣០,០០០រៀល។

ក្រោយបង្ក្រាប​កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បាននាំជនសង្ស័យទាំង២នាក់ ជាមួយវត្ថុតាងមកឃុំខ្លួនសាកសួរ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕​