(កោះកុង)៖ ក្នុងស្មារតីរួមចំណែកផ្សព្វផ្សាយសក្ដានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើទឹកដីខេត្តកោះកុង ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមជាមួយពាក្យស្លោក «អេកូទេសចរណ៍ សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ពិធីសម្ពោធជាផ្លូវការ បានប្រព្រឹត្តិទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូតប្រទេសនានា, ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញទទួលដំណើរមកដល់នៃសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទ្ទេសនាមជូនសម្តេចទាំងពីរ នូវសមិទ្ធផលការងារបស់ក្រសួង និងមុខទំនិញផលិតផលខ្មែរ ដែលបានដាក់តាំងបង្ហាញ ជូនសាធារណជន នៅក្នុងស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ មានការរៀបចំស្តង់ដល់ទៅជាង​៥០០ស្តង់ ដើម្បីបង្ហាញអំពីសមិទ្ធផលតាមវិស័យ និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ ក្រៅពីពិព័រណ៍ពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ជាច្រើន មានដូចជា ការដាំដើមឈើ ការសម្តែងទស្សនីយភាព សិល្បៈ ការដើរព្យុហយាត្រា ការប្រកួតកីឡាលើឆ្នេរ លើទឹក និងលើអាកាស កម្មវិធីវាយកូនគោល ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត នៅរមណីយដ្ឋានតារាសាគរ។

សម្រាប់ប្រជាពលរដ្ឋ ដែលទៅទស្សនាពិធីបុណ្យសមុទ្រ ហើយមានបំណងទៅលេងកម្សាន្ត នៅខេត្តត្រាត ប្រទេសថៃ ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ។ ជាមួយគ្នានេះ បើសិនមានកូនចៅក្មេងៗទៅជាមួយ ត្រូវភ្ជាប់រូបថតរបស់ពួកគេ ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម ដើម្បីសម្រួលការធ្វើដំណើរឡើងចុះ។

គួររំលឹកដែរថា ពិធីបុណ្យសមុទ្រ បានធ្វើឡើងចំនួន​៦លើករួចមកហើយ ដោយលើកទី១ ប្រារព្ធនៅក្នុងខេត្តព្រះសីហនុ, លើកទី២ ប្រារព្ធនៅក្នុងខេត្តកែប, លើកទី៣ ប្រារព្ធនៅក្នុងខេត្តកោះកុង, លើកទី៤ ប្រារព្ធនៅក្នុងខេត្តកំពត, លើកទី៥ ប្រារព្ធនៅក្នុងខេត្តព្រះសីហនុ និងលើកទី៦ ប្រារព្ធនៅក្នុងខេត្តកែប។ តាមរយៈពិធីបុណ្យប្រចាំឆ្នាំនេះ បានធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព សម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍៕