(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ មេត្តាអុជធុបបួងសួងសុំសេចក្តីសុខ នៅវិមានឈ្នះ-ឈ្នះ ជាពិសេសសុំឱ្យទេវតាតាមថែរក្សាប្រោសព្រំដល់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ឱ្យទទួលបានសេចក្តីសុខផងដែរ។

ការអំពាវនាវរបស់អតីតមេដឹកនាំកងទ័ពខ្មែរក្រហមរូបនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញបិទវគ្គបំប៉នមគ្គុទេសក៍ វិមានឈ្នះ-ឈ្នះ នៅសង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានអញ្ជើញចូលរួមពីសំណាក់សិក្ខាកាមមកពីបណ្តាលអង្គភាពចំណុះក្រោមក្រសួងការពារជាតិ យ៉ាងច្រើនកុះករផងដែរ។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានបន្តថា វិមានឈ្នះ-ឈ្នះ គឺជានិមិត្តរូបតំណាងសន្តិភាព សេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជាទាំងមូល ដែលជាកិច្ចកាលសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ធ្វើការតស៊ូគ្រប់បែបយ៉ាងដែលបានយកជីវិត ទៅធ្វើជាដើមទុន រហូតបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ប្រសិនបើគ្មានវត្តមានសម្តេចតេជោ ហ៊ុន សែន គ្មាននយោបាយឈ្នះ-ឈ្នះទេនោះប្រទេសកម្ពុជា ក៏មិនអាចទទួលបាននូវសុខសន្តិភាពពេញលេញរហូតមកដល់ថ្ងៃនេះផងដែរ។ ដូច្នេះនៅសម្ពោធវិមានឈ្នះ-ឈ្នះ សុំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមអបអរសាទរទាំងអស់គ្នា ព្រមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្ពុជា ខិតខំរកបានដោយលំបាកជាទីបំផុតរវាងជម្លោះខ្មែរ និងខ្មែរ។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានបញ្ជាក់ថា ការសាងសង់វិមានឈ្នះ-ឈ្នះនេះ មានសារសំខាន់ខ្លាំងណាស់ ព្រមជាវិមានដែលបានតម្កល់ទុកនូវឯកសារប្រវត្តិសាស្ត្រជាច្រើន។ ជាពិសេសដំណើររឿងនៃការតស៊ូរំដោះប្រជាជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកមកចារឹក ទុកជាមរតកសម្រាប់ជាតិ ជារូបសំណាក់របស់សម្តេតេជោ ឬជាប្រតិបត្តិករដ៏ឆ្នើមដែលបានអនុវត្តិ នូវគោលនយោបាយឈ្នះ-ឈ្នះ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរនៃនយោបាយឈ្នះ-ឈ្នះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕