(ព្រះវិហារ)៖ លោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកាពស្រុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធនានា ចុះបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ និងប្រើប្រាស់សារធាតុគីមី ស្ថិតនៅចំនុចព្រៃទទឹង ក្នុងភូមិសាស្ត្រភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកអភិបាលស្រុករវៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្នុងនាមគណៈបញ្ជាការឯកាពស្រុក ថ្ងៃនេះ លោកបានដឹកនាំក្រុមការងារ ដោយមានចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធនានា ចុះបង្រ្កាបករណីធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ និងប្រើប្រាស់សារធាតុគីមី នៅចំណុចខាងលើ។

លោកបន្ដថា ជាលទ្ធផល បានធ្វើការកំទេចចោលអាងទឹកចំនួន៣អាង ដោយក្នុងអាងនីមួយៗ មានទំហំ២ម៉ែត្រការ៉េ ចំនួន២អាង និងទំហំ៣ម៉ែត្រការ៉េ ចំនួន១អាងផងដែរ។ ក្រៅពីនោះ បានធ្វើការដកហូតម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ចំណែកម្ចាស់បានរត់គេចខ្លួន។

លោក ហោ ប៊ុនហ៊ួរ បានបញ្ជាក់ឲ្យដឹងទៀតថា ការចុះពិនិត្យកន្លែងធ្វើអាជីវកម្មធ្វើរ៉ែមាសនេះ គឺក្រុមការងារបានចុះដល់ទីតាំង ទាំងមានច្បាប់ និងអត់ច្បាប់។ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម ដោយមិនទាន់មានច្បាប់អនុញ្ញាត លោកណែនាំឲ្យពួកគាត់ទៅធ្វើច្បាប់សិន ដោយលោកបានធ្វើកិច្ចសន្យាផងដែរ លើសពីនេះទៅទៀត លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ អាចបង្កើតជាសហគមក៍បាន។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការជីកដីរុករករ៉ែ ជៀសវាងការបាក់ស្រុត ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ហើយជាពិសេសមិនត្រូវប្រើប្រាស់សារធាតុគីមីជាដាច់ខាត៕