(កោះកុង)៖ ឆ្លៀតក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅលើទឹកដីនៃខេត្តកោះកុង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកម្សាន្តលំហែកាយនៅរមណីយដ្ឋានព្រៃកោងកាង ពាមក្រសោប ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដំណើរនៃការអញ្ជើញកម្សាន្តលំហែកាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់តំបន់រម្មណីយដ្ឋានព្រៃកោងកាង ពាមក្រសោបនៅពេលនេះ ដើម្បីជាការជំរុញលើកកម្ពស់វិស័យទេសចរណ៍ ខេត្តកោះកុង ដែលជាខេត្តដាច់ស្រយាលមួយរបស់កម្ពុជា ឲ្យកាន់តែមានភាពរស់រវើក និងភាពទាក់ទាញថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងដំណើរកម្សាន្តលំហែកាយតាមកាណូតលើផ្ទៃទឹកនៃតំបន់មាត់សមុទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីជាភរិយាថ្នាក់ដឹកនាំ អមដំណើរ បានគយគន់នូវទេសភាពព្រៃកោងកាងដ៏ល្អឯក ដុះតាមផ្ទៃសមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចំណាយពេលជាង១ម៉ោង ក្នុងការគយគន់ទេសភាពព្រៃកោងកាង ពិសេសតំបន់ឆ្នេរ ដ៏ស្រស់ស្អាតរបស់ខេត្តកោះកុង។

ព្រះរាជាណាចក្រកម្ពុជា ពោរពេញទៅដោយសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ពិសេសប្រាង្គប្រាសាទអង្គរ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ សំណង់ស្ថាបត្យកម្មតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតនៅលើសកលលោក តំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ តំបន់ទេសចរណ៍ជីវៈចម្រុះបឹងទន្លេសាប សត្វផ្សោតទន្លេមេគង្គ ភាពញញឹមរួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា គឺជាភាពទោលនៃសក្តានុពលទេសចរណ៍ និងបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

រួមជាមួយនិងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនកម្ពុជា បាននឹងកំពុងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលត្រូវទស្សនាប្រកបដោយទាក់ទាញក្នុងតំបន់ និងនៅលើពិភពលោក ពិសេសខេត្តសៀមរាប-អង្គរ ត្រូវបានទទួលស្គាល់ និងចាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលំដាប់ទី៤ នៅលើពិភពលោក និងលំដាប់ទី២នៅអាស៊ី បន្ទាប់ពីទីក្រុងក្យូតូ។

បើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Travel and Leisure ហើយអង្គរក៏បានជាប់ពានរង្វាន់ជើងឯកឆ្នាំ២០១៤ Archeo Madness ក្នុងឱកាសទិវាបុរាណវិទ្យាអន្តរជាតិ។ ឆ្នាំ២០១៤កន្លងទៅ ព្រមជាមួយនឹងចំនួនទេសចរណ៍អន្តរជាតិ នៅលើសកលលោកប្រមាណជាង ១ពាន់លាននាក់ កម្ពុជាបានទទួលទេសចរណ៍អន្តរជាតិ ៤លាន៥សែននាក់ ក្នុងកំណើន៧% ក្នុងនោះភ្ញៀវទេសចរណ៍មកពី តំបន់អាស៊ីប៉ាស៊ីហ្វីក មានសមាមាត្រ៧៨% មកពីអឺរ៉ុបមានសមាមាត្រ១៦% និងមកពីអាមេរិកមានសមាមាត្រ ៦% នៃចំនួនសរុប ព្រមទាំងចំនួនភ្ញៀវទេសចរណ៍ ក្នុងស្រុកប្រមាណជាង ៨លាននាក់។ ភាគច្រើននៃភ្ញៀវទេសចរណ៍អន្តរជាតិសរុប ចូលចិត្តទស្សនាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ពិសេសប្រាសាទអង្គរ និងគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ដទៃទៀត ខណៈពេលដែលនិន្នាការទេសចរណ៍តំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍នៅកម្ពុជា កំពុងមានការរីកចម្រើនផងដែរ។

វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកប្រមាណជាង១០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០១៣ ជាមួយនឹងការបង្កើតឱកាសការងារដោយផ្ទាល់ប្រមាណជាង ៥០ម៉ឺននាក់ ពោលគឺប្រមាណ១៣% នៃកម្លាំងពលកម្មសរុប និងការងារដោយប្រយោលរាប់ម៉ឺននាក់ថែមទៀត។ ជាមួយនិងគោលដៅអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា ជាទេសចរណ៍វប្បធម៌និងធម្មជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជាស្អាតនិងបៃតង និងការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព កម្ពុជានឹងទទួលទេសចរណ៍អន្តរជាតិ ប្រមាណ៧លាន៥សែននាក់នៅឆ្នាំ២០២០។

ការរីកចំរើននៃវិស័យទេសចរណ៍កម្ពុជា គឺពិតជារួមចំណែកយ៉ាងសកម្មដល់ការរីកចំរើនដល់វិស័យដទៃទៀត មានជាអាទិ៍សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ រួមមានផ្លូវថ្នល់ កំពង់ផែទេសចរណ៍ សណ្ឋាគារ និងអគ្គិសនីជាដើម។

ទេសចរណ៍ប្រកបដោយនិរន្តរភាព អាចជាកម្លាំងចលករមួយដ៏ធំ ក្នុងការទ្រទ្រង់ផ្តល់តម្លៃ និងកិច្ចការពារបេតិកភណ្ឌរូបីយនិងអរូបីយ ហើយពឹងផ្អែកលើការជម្រុញលើកទឹកចិត្តអភិវឌ្ឍន៍សិល្បៈ សិប្បកម្ម និងសកម្មភាពច្នៃប្រឌិតផ្សេងៗទៀត។ នៅពេលដែលមានកំណើនទេសចរណ៍មិនដែលធ្លាប់មានពីមុនមក វាពិតជាមានសារៈសំខាន់ដើម្បីបញ្ជាក់អំពីការ ទទួលខុសត្រូវរួមគ្នា រវាងភាគីពាក់ព័ន្ធវិស័យវប្បធម៌ និងទេសចរណ៍ ជាពិសេសក្នុងរដ្ឋាភិបាលនិងរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ក៏ដូចជាកាលានុវត្តភាពដ៏មហិមាសម្រាប់វិស័យទាំងពីរ គឺទេសចរណ៍និងវប្បធម៌ ដើម្បីអភិវឌ្ឍនូវគំរូភាពជាដៃគូថ្មី៕