(កូរ៉េ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់ទេសាភិបាល, រងធនាគារកណ្តាល និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ (AMRO) នៅទីក្រុងប៊ូសានប្រទេសកូរ៉េ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងសរុបការងារ របស់ក្រុមការងារថ្នាក់បច្ចេកទេស និងការិយាល័យ (AMRO) ដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងអនុម័តលើសំណើរបស់ក្រុមការងារ និងការិយាល័យ AMRO ដើម្បីបន្តដាក់ជូនថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ ធ្វើការសម្រេចចុងក្រោយ ក្នុងកិច្ចប្រជុំនាខែមេសា ឆ្នាំ២០១៩ នៅទីក្រុងឈៀង, រ៉ៃ និងថៃ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមសហប្រធាននៃប្រទេសកូរ៉េ និងសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ទេសាភិបាលរង និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុព្រមទាំងតំណាងមកពី លេខាធិការដ្ឋានអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចសហប្រតិបត្តិការអាស៊ាន+៣ បានរួមចំណែកពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការពង្រឹងមុខងារ តាមដានស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយការិយាល័យ AMRO, ផ្តល់សន្ទនីយភាពសម្រាប់ទប់ស្កាត់ និងដោះស្រាយវិបត្តិក្រោមយន្តការ CMIM និងកាអភិវឌ្ឍទីផ្សារសញ្ញាបណ្ណជារូបិយវត្ថុក្នុងតំបន់ (ABMI)។

ការិយាល័យ AMRO ក៏បានរៀបចំវេទិកាហិរញ្ញវត្ថុអាស៊ាន+៣ (ATFF) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ពី ស្ថានភាពសេដ្ឋកិច្ចពិភពលោក, តំបន់, បញ្ហាប្រឈម និងដំណោះស្រាយសំខាន់ៗដែលប្រទេសជាសមាជិក បាននិងកំពុងអនុវត្ត៕