(កំពង់ស្ពឺ)៖ ក្រុមហ៊ុនមួយដែលដេញថ្លៃបន្តពីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ជួសជុលផ្លូវមួយខ្សែ លេខ១២៧ ស្ថិតក្នុងភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានរារាំងរថយន្តផ្ទាល់ខ្លួន ម៉ាកតូយ៉ូតាពីបាំង មកពាំងផ្លូវរថយន្តដឹកដី មានច្បាប់ត្រឹមត្រូវ និងមានកិច្ចសន្យាច្បាស់លាស់ជាមួយអាជ្ញាធរ មិនឆ្លងកាត់ឡើយ ដោយសំអាងថា ក្រុមហ៊ុនជាអ្នកជួសជុលផ្លូវមួយខ្សែនេះ ហើយត្រូវឲ្យខាងម្ចាស់រថយន្តដឹកដីបង់លុយជូន។

ការយករថយន្តមកពាំងបិទផ្លូវខាងលើនេះ មិនត្រឹមតែបណ្តាលឲ្យរថយន្តដឹកដី ធ្វើដំណើរទៅមុខមិនកើតទេ ប៉ុន្តែក៏រាំងស្ទះរថយន្តរបស់អ្នកដំណើរផងដែរ ដែលធ្វើដំណើរតាមផ្លូវមួយខ្សែនេះ។

ក្រុមអាជីវកររកស៊ីរថយន្តដឹកដី បា​នឲ្យដឹងថា កន្លងមកក្រុមអ្នកដេញថ្លៃពីក្រសួងអភិវឌ្ឍន៍ជនបទ បានទាមទារលុយពីអ្នកដឹកដីចំនួន៤.០០០ដុល្លារ ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវខាងលើនេះ តែភាគីដឹកដីមិនព្រម ក៏កើតជាជម្លោះ រហូតយករថយន្តមកពាំងផ្លូវបែបនេះ។ ពួកគេតែងប្រើពាក្យថា ជាផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យគេធ្វើអញ្ចឹង គេមានសិទ្ធិគ្រប់បែបយ៉ាងលើផ្លូវនេះ។

អ្នករកស៊ីដឹកដីម្នាក់ បានឲ្យដឹងទៀតថា គាត់បានចូលខ្លួនដោះស្រាយ ជាមួយអ្នកដេញថ្លៃនោះហើយ នៅក្នុងសាលាឃុំ ដោយមានទាំងកិច្ចសន្យាត្រឹមត្រូវ តែក្រុមអ្នកដេញថ្លៃ នៅតែមកបិទផ្លូវពួកគាត់ទៀត ដោយយកលេសថា ជាផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគេដេញថ្លៃបាន។ ដូច្នេះគេមិនឲ្យនណាប្រើប្រាស់ផ្លូវនេះក៏បាន។ បើតាមអាជីវកររូបនេះ តាមពិតរថយន្តដឹកដី គឺបានដឹកដីទៅកសាងរោងចក្រកាត់ដេរ ដើម្បីបម្រើការងាររាប់ពាន់កន្លែងជូនពលរដ្ឋនៅតំបន់នោះ។

ពលរដ្ឋដែលឈមើលហេតុការណ៍ បានលើកឡើងថា «រាល់គម្រោងងដេញថ្លៃ របស់ក្រសួងអភិវឌ្ឃន៍ជនបទ លើបញ្ហាផ្លូវ គេតម្រូវឲ្យបិទអ្នករកស៉ី និងទារលុយពីអ្នកធ្វើដំណើរមែនទេ? តើផ្លូវទាំងអស់ ដែលក្រសួងអភិវឌ្ឃន៍ជនបទ ឲ្យក្រុមហ៊ុនជួសជុល ពិតជាមិនអញ្ញាតឲ្យរថយន្តដឹកដី ដឹកថ្មមកអភិវឌ្ឍន៍រហូតគម្រោងនេះចប់ឬ»?

ពួកគាត់បន្តថា បើសិនជាដូច្នេះមែន ប្រហែលជាអ្នកមានលុយ ចង់សាងសង់លំនៅដ្ឋាន ឬរោងចក្រសហគ្រាស ទាល់តែរង់ចាំយូរបន្តិច ពីព្រោះក្រុមហ៊ុននេះ គ្មានគ្រឿងចក្រសម្រាប់ជួសជុល ឲ្យបានលឿនផង គឺជួលគេស្ទើទាំងអស់។

បើតាមប្រជាពលរដ្ឋ ក្រសួងអភិវឌ្ឍន៍ជនបទ គួរតែមានភារកិច្ចសម្របសម្រួល បញ្ហាខាងលើនេះ កុំទុកឲ្យបុគ្គលមួយក្តាប់តូចនេះ បំផ្លាញស្ថាប័នរដ្ឋមួយ។ ក្រុមអ្នកដេញថ្លៃ មិនមែនមកធ្វើផ្លូវ ឲ្យពលរដ្ឋដើរដោយមិនយកលុយនោះទេ ពួកគេយកលុយពេញថ្លៃពីរដ្ឋ ហើយថែមទាំងបង្កភាពស្មុគ្រស្មាញ ឲ្យសង្គមជាតិថែមទៀត ដែលកត្តានេះកើតមានស្ទើគ្រប់ទីកន្លែងទៅហើយ។

យ៉ាងណាក៏ដោយ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយ ពីតំណាងក្រុមហ៊ុនដែលដេញបាននូវការជួសជុលផ្លូវនេះនៅឡើយទេ៕