(ភ្នំពេញ)៖ នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ ថ្ងៃនៃការសម្ពោធវិមានអុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ចូលមកដល់ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិ បានបើកវគ្គមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ជំនាន់ទី៣ ដើម្បីណែនាំ និងពន្យល់ពីខ្លឹមសារលម្អិតនៃផ្នែកនីមួយៗរបស់វិមានឈ្នះឈ្នះ នៅថ្ងៃកម្មវិធីពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា ដែលប្រព្រឹត្តិឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលមគ្គុទេសក៍ វិមានឈ្នះឈ្នះ ជំនាន់ទី៣ ដែលមានសិក្ខាកាមមកពីបណ្តាលស្ថាប័ន អង្គភាពនានា នៅក្រោមចំណុះក្រសួងការពារជាតិ នៅវិមានឈ្នះ-ឈ្នះ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ មាស ស៊ីណា នាយកវិទ្យាស្ថានប្រវត្ថិសាស្រ្តយោធា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមគ្គុទេសក៍ វិមានឈ្នះ-ឈ្នះ លើកនេះគឺធ្វើឡើងជម្រើសមគ្គុទេសក៍ ដើម្បីសម្រាប់ណែនាំផ្តល់ ពន្យល់ពីខ្លឹមសារលំអិតនៃ ផ្នែកនីមួយៗរបស់វិមាន ដល់សាធារណជន នៅថ្ងៃកម្មវិធីពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោ បានបន្ថែមថា នៅថ្ងៃកម្មវិធីពិធីសម្ពោធខាងមុខ មគ្គុទេសក៏ទាំងអស់ នឹងអាចពន្យល់ច្បាស់លាស់ដល់មហាជនពីខ្លឹមសារវិមាន រូបចម្លាក់នីមួយៗ និងផ្នែកនានានៃតួវិមាន ស្របគ្នាដែលការសាងសង់វិមានឈ្នះ ឈ្នះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

វិមានអនុស្សាវរិយ៍ «នយោបាយឈ្នះឈ្នះ» ដែលយកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ។ វិមាននេះ ត្រូវសាងសង់លើផ្ទៃលើផ្ទៃដី៨ហិចតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរ នៃនយោបាយឈ្នះឈ្នះ កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕