(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ និងផ្លាស់ប្ដូរបទពិសោធន៍រវាង​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​ ក្រសួងការពារ​ជាតិ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ហ្វាង​ ស៊ុនជៀន​ មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ នឹងបន្ដសហការដឹកនាំលើកកម្ពស់ប្រសិទ្ធភាពការងារ គ្រប់គ្រងច្រកទ្វារព្រំដែន ការត្រួតពិនិត្យសកម្មភាពចេញ-ចូលឆ្លងដែន ការនាំចេញ-នាំចូល ដោយសម្របសម្រួលបណ្ដាបែបបទរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចរាចរឆ្លងកាត់ព្រំដែន។

ក្នុងន័យរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ សហការដោះស្រាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវបណ្ដាស្ថានភាព ហេតុការណ៍ដែលកើតឡើង ស្របតាមស្មារតីដែលភាគីទាំងពីរបានព្រមព្រៀង និងបញ្ញត្តិច្បាប់របស់ប្រទេសនីមួយៗ។

បន្ថែមពីនេះ ភាគីទាំងពីរ បន្ដបង្កើតកិច្ចសហការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ពិសេសបទល្មើសគ្រឿងញៀន រត់ពន្ធមនុស្ស ជួញដូរមនុស្ស និងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារព្រំដែនអន្ដរជាតិនៃប្រទេសទាំងពីរ។

ក្រៅពីនេះភាគីកម្ពុជា-វៀតណាម នឹងជំរុញការងារឃោសនាដល់ប្រជាពលរដ្ឋ គោរពប្រតិបត្តិសន្ធិសញ្ញា ស្ដីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែន ច្បាប់របស់ប្រទេសនីមួយៗ ដែលមានការពាក់ព័ន្ធ និងបំផុសឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ ប្រឆាំងបទល្មើស អំពើរត់ពន្ធឆ្លងកាត់ព្រំដែន កសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាង​ប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមវៀតណាម ជាមួយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩។ ចំពោះការបរិច្ឆេទ និងទីកន្លែងជាក់លាក់ ភាគីទាំងពីរនឹងព្រមព្រៀងគ្នាដោយជូនដំណឹងតាមរយៈកាទូត៕​