(ពោធិ៍សាត់​)៖​ អភិបាលខេត្ត​ពោធិ៍សាត់​ លោក​ ម៉ៅ​ ធនិន​ ក្នុងឱកាសជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ​ នាថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅសាលាខេត្តពោធិ៍សាត់​ បានថ្លែងថា​ បងប្អូនដែលមកទទួលស្បៀង​ ហើយមានកម្លាំងពលកម្មគ្រប់គ្រាន់​ ត្រូវប្រើប្រាស់កម្លាំងពលកម្មដែលខ្លួនមាន ឲ្យអស់លទ្ធភាព​ ដើម្បីចូលរួមជួយសម្រាលបន្ទុកគ្រួសារយើង​ ជៀសវាង​មានការខ្ជិលច្រអូស​ នាំឲ្យម្ចាស់ជំនួយមានការថ្នាំងថ្នាក់​ ខាតបង់ផលប្រយោជន៍​ ដល់បងប្អូនពុកម៉ែ ដែលខ្វះខាតពិតប្រាកដ។

លោក​ ម៉ៅ​ ធនិន​ បានបន្ថែមថា​ ក្នុងនាមលោកជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ រស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពតែមួយ តែងតែផ្តោតការយកចិត្តទុកដាក់ និងជួយទំនុកបម្រុង​ និងដោះស្រាយសំណូមពរពលរដ្ឋ​ គ្រប់កាលៈទេសៈ។ ទោះបីជាការជួយនេះ មិនបានបំពេញតម្រូវចិត្ត​ ឬមានកម្រិតតិចតួចក្តី​ ក៏យើងត្រូវមានវប្បធម៌ចែករំលែក​ ទៅតាមស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង និងជនដែលគ្មានមុខរបរពិតប្រាកដ បានយកទៅទទួលទានបានមួយគ្រា​។

លោក​បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ​ ដែលនៅមានកម្លាំងពលកម្មគ្រប់គ្រាន់​ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីលទ្ធភាព​ ទើបជីវភាពគាប់ប្រសើរ​ បានជួយសម្រាលបន្ទុកគ្រួសារ។

លោកបានបន្តទៀតថា យើងបានជួបជុំគ្នាមើលឃើញពីសមិទ្ធផលធំៗ នៅទូទាំងខេត្តក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា​ ពលរដ្ឋដែលមកទទួលដំណេះស្រាយបញ្ហាប្រឈម និងទុក្ខលំបាកនាពេលនេះ​ សុទ្ធ​សឹងជាជនចាស់ជរា​ និងគ្រួសារក្រីក្រ​ លោកក៏បានចែកជូនក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម​ និងភេសជ្ជៈ២កំប៉ុង​ ដោយឡែកស្ត្រីដែលត្រៀមឆ្លងទន្លេ​ ទទួលបានសារ៉ុង៥​បន្ថែមផងដែរ។​ នេះគឺជាទម្លាប់ នៅរៀងរាល់មុន ក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល របស់លោក​ ម៉ៅ​ ធនិន​ អភិបាលខេត្ត​ ដើម្បីរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត៕