(ភ្នំពេញ​)​៖​ មន្ត្រី​យោធា​ស័ក្ដិ​៤កន្លះ​ម្នាក់ ​ស្រវឹង​បើក​រថយន្ត​បុក​បង្គោល​ភ្លើង ​និង​បង្គោល​ស្លាក​សញ្ញា​តាមផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ បណ្តាលឲ្យ​រង​របួស​ធ្ងន់។

ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​វេលាម៉ោង​ជាង​១២យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ​ម៉ាក​ឡិចស៊ីស​ ពណ៌​ស្ករ ​ពាក់​ស្លាក​ភ្នំពេញ ​2D-1359​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​រថយន្ត​បង្ក​ខាង​លើ​រេ​ចង្កូត​ទៅ​ឆ្វេង​ឡើង​ឃឿន ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ​និង​បង្គោល​ស្លាក​សញ្ញា ​បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី​ រីឯ​រថយន្ត​បង្ក​វិញ​បាន​ក្រឡាប់​ផ្ងារ​ជើង ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។

ភ្លាមៗ​នោះ​​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ បាន​នាំ​គ្នា​មួយ​ជួយ​វាយ​កញ្ចក់​រថយន្ត​ ដើម្បី​យក​អ្នក​បើក​បរ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត​បង្ក​ខាង​លើ​ ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕