(កំពង់ចាម)៖ ដោយបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត នារសៀលទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ពីថ្នាក់អនុសេនីយ៍ឯក ដល់ព្រិន្ទបាលទោ សរុបចំនួន២៨៩នាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងចូលរួមពីលោក ស្នងការរង លោកអនុប្រធានផែនជំនាញគ្រប់ផែន លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុក ក្រុងទាំង១០ សរុបចំនួន៣៤០នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សបានអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក បន្តចូលដល់ពិធីប្រគល់ត្រាមូលដល់លោកអធិការថ្មី និងពិធីបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិចំនួន២២៧នាក់ ចាប់ពីអនុសេនីយ៍ឯក ដល់ថ្នាក់ព្រិន្ទបាលទោ។ ក្នុងនោះប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន១៦នាក់ ថ្នាក់នាយការិយាល័យម្នាក់, ថ្នាក់នាយរងការិយាល័យ ចំនួន០៨នាក់, ថ្នាក់អធិការម្នាក់ និងថ្នាក់អធិការរងចំនួន០៦នាក់។

បន្តមកលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការស្រុកចំការលើថ្មី និងជាតំណាងមន្ត្រីនគរបាលជាតិ ដែលទើបនឹងទទួលការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តជូនអង្គពិធីផងដែរ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានមានមតិផ្តាំផ្ញើនឹងអបអរសាទរចំពោះបងប្អូនទាំងអស់ ដែលបានទទួលប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មីនាពេនេះ ព្រមទាំងជំរុញឲ្យបន្ដខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត៕