(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃពិធីបុណ្យសមុទ្របានថ្លែងអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យអញ្ជើញមកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឲ្យបានច្រើនកុះករ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋ​ ភ្ញៀវទេសចរជាតិ​ និងភ្ញៀវទេសចរអន្តរជាតិ​ មកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ឲ្យបានច្រើនកុះករ​ ជាពិសេស​សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការពារសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងបុណ្យសមុទ្រក្នុងរយៈពេល០៣ថ្ងៃនេះ»

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំជាប្រចាំរៀងរាល់ឆ្នាំតាមខេត្ត ដែលស្ថិតជាប់នឹងតំបន់ឆ្នេរសមុទ្រហើយសម្រាប់ឆ្នាំនេះ ខេត្តកោះកុង ត្រូវទទួលរៀបចំធ្វើសម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨នេះ។

ឆ្នាំនេះក៏មិនខុសពីរៀងរាល់ឆ្នាំដែរ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិធីបុណ្យសមុទ្រនេះ គឺមាន​ការតាំងពិព័រណ៌ទំនិញ, ផលិតផលក្នុងស្រុក និងក្រៅស្រុក, ពិពរណ៌មុខម្ហូប, ភេសជ្ជៈ, ព្រឹត្តិការណ៍កីឡា, ប្រគំ​តន្ត្រី​ ជាមួយនឹងឈុតឆាកសិល្បៈផ្សេងៗជាច្រើន ទៀត។

ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ។

ដោយសារកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស​ដូចសព្វថ្ងៃ​ ទើបយើងមានឱកាសបានប្រារព្ធនូវកម្មវិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ​ ក៏ដូចជាពិធីបុណ្យជាតិធំៗជាច្រើនទៀត​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានភាពសប្បាយរីករាយ​ ជាពិសេសធ្វើឲ្យភ្ញៀវអន្តរជាតិកាន់តែស្គាល់ពីកម្ពុជាកាន់តែខ្លាំងឡើងបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យប្រជាពលរដ្ឋនិង ភ្ញៀវទេសចរទាំងអស់ទទួលបាននូវភាពរីករាយ នៅក្នុងឱកាសនៃការចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ឆ្នាំនេះ៕