(ក្រចេះ)៖ ប្រតិភូក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ ដែលប្រព័ន្ធគមនាគមន៍ ជាចរន្តសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ បាននិងកំពុងអភិវឌ្ឍន៍រីកចម្រើនគ្រប់ទីកន្លែង កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់គីឡូម៉ែត្រលេខ៤២៤ ចំណុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ដោយមានប្រវែងជាង៩៣គីឡូម៉ែត្រ ត្រូវបានស្ដារឡើងវិញរួចរាល់ជាស្ថាពរ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ នៃក្រសួង និងលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បា​នចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសគុណភាព បន្ទាប់ពីក្រុមហ៊ុនសាងសងរបស់ចិន សាងសង់រួចរាល់ជាស្ថាពរ។

លោក លឹម ស៊ីដេនីន បានលើកឡើងថា នេះគឺជាគម្រោងលើកទីមួយហើយ ដែលភាគីចិនប្រគល់ឲ្យក្រសួងសាធាណការ និងដឹកជញ្ជូន ធ្វើការសិក្សាគំរូប្លង់ដោយខ្លួនឯង និងប្រើប្រាស់នីតិវិធី លទ្ធកម្មជ្រើសរើស ទីប្រឹក្សា បច្ចេកទេសត្រួតពិនិត្យសាងសង់ និងក្រុមហ៊ុនម៉ៅការសាងសង់ដោយខ្លួនឯង ដោយមានការចូលរួមពីក្រសួងហិរញ្ញវត្ថុ តំណាងស្ថានទូតចិន ក្រសួងសាធារណការ ដឹកជញ្ជូន ក៏បានជ្រើសរើស ក្រុមហ៊ុនវ៉ាន់អាន ជាទីប្រឹក្សា បច្ចេកទេសត្រួតពិនិត្យ ការងារសាងសង់ ហើយនិងក្រុមហ៊ុនសំណង់សៀងហៃ ជាក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧នេះ។

លោកបានបន្តថា កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ គិតក្នុងក្រុងក្រចេះ រហូតទៅដល់ស្រុកសំបូរ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ដែលមានចំងាយ៩៣គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ជាង៣៩លានដុល្លារ។

លោកបញ្ជាក់ថា គម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ ចំនុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ដោយមានប្រវែងជាង៩៣គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កំរាស់ ០.១០ម៉ែត្រនេះ គឺជាជំនួយឥតសំណងលើកទីមួយហើយ ពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានក្រសួងពាណិជ្ជកម្មចិនជាតំណាង និងតាមរយស្ថានទូតចិន។

លោករដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម យានយន្តធន់ធំគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់លើដងផ្លូវជាតិ សូមកុំឲ្យដឹកជញ្ជូនផ្ទុកលើសទំងន់ ដែលច្បាប់កំណត់ឲ្យ និងចូលរួមថែរក្សា ការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ៧នេះតែម្ដង ដែលជាជំនួយឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍សាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ យើងប្រើប្រាស់នៅគង់វង្សបានយូរអង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕