(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានជំរុញឲ្យលេខាធិការដ្ឋានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ធ្វើការងារឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធទៅប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន សម្រាប់ឆ្នាំ២០១៩ ខណៈបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមនៅឡើយ ក្នុងឆ្នាំ២០១៨នេះ។

ការជំរុញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អញ្ជើញចូលរួមក្នុងកម្មវិធីប្រជុំបូកសារុប៩ខែ ស្តីអំពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៣ នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោកអភិបាលខេត្ត បានថ្លែងថា លេខាធិការដ្ឋានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ត្រូវជំរុញផែនការឲ្យបានស៊ីជម្រៅ ពោលគឺញាក់ឲ្យដល់ចុងខ្សែ ដើម្បីឲ្យវិធានការគ្រឿងញៀននាពេលនេះ ត្រូវបានអនុវត្ត ឲ្យបានល្អប្រសើរ ក្នុងឆ្នាំ២០១៩។ ម៉្យាងទៀត ត្រូវធ្វើសកម្មភាពផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀននេះ ឲ្យបានផុសផុលថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ អំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន ។

បើតាមលោក អភិបាលខេត្ត នៅខេត្តកំពង់ចាម មានសេវាព្យាបាលសារធាតុញៀន ចំនួន ៣៨កន្លែង ពោលគឺ មណ្ឌលសុខភាពចំនួន៣១កន្លែង និងតាមមន្ទីរពេទ្យបង្អែកចំនួន៧កន្លែង។ លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា ការប្រើថ្នាំដើម្បីព្យាបាលនេះ ខុសពីថ្នាំព្យាបាលជំងឺផ្សេងៗ បានន័យថា ថ្នាំនោះ គ្រាន់តែជួយសម្រួលអារម្មណ៍ នៅពេលអ្នកញៀនថ្នាំញ័រញាក់តែប៉ុណ្ណោះ រីឯ ផ្តាច់បាន ឬមិនបាន វាអាស្រ័យលើសាម៉ីខ្លួន ជាអ្នកសម្រេចចិត្ត។

តាមលោក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ សភាពការណ៍នៃការចរាចរជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ទូរទាំងខេត្តកំពង់ចាម នៅតែជាបញ្ហាប្រឈម ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់បរិយាការសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ និងសុវត្ថិភាពសង្គម ព្រមទាំងបង្ករការព្រួយបារម្មណ៍ជាច្រើន ក្នុងស្រទាប់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ។

ហើយសកម្មភាពគួរឲ្យកត់សម្គាល់ ៩ខែ ក្នុងឆ្នាំ២០១៨នេះ គឺការលួចលាក់ រក្សាទុក និងដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការនាំចូលនូវសារធាតុគីមីផ្សំ ឆ្លងកាត់ដើម្បីកែឆ្នៃគ្រឿងញៀនសំយោគ (ATS) សម្រាប់ចែកចាយពង្រីកទីផ្សារប្រើប្រាស់នៅតាមមូលដ្ឋាន ធ្វើអោយការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យ នាតំណាក់កាលចុងក្រោយនេះ មានការរីករាលដាលពីទីក្រុងទីប្រុំជន រហូតដល់ជនបទមួយចំនួន ដែលស្ថានភាពនេះប៉ះពាល់ដល់ធនធានមនុស្ស ក៏ដូចជាស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន សេដ្ឋកិច្ចសង្គមផងដែរ។

ផ្អែកតាមទួរលេខនៃការធ្វើបច្ចុប្បន្នភាព ផ្នែកការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ របស់កងកម្លាំងនគរបាល និងកងម្លាំងអាវុធហត្ថ និងទិន្នន័យរបស់គណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានរហូតដល់៦១១នាក់ ស្រី៣នាក់ ដែលចំនួននេះ បានឆ្លុះបញ្ចាំងអំពីកំណើន នៃអ្នកប្រើប្រាស់គ្រឿងញៀន ហើយភាគច្រើនក្នុងស្រទាប់យុវវ័យ៕