(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ ទើបយើងមាន​ឱកាសទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ ពង្រីកអាជីវកម្ម ​ទៅតាមតំរូវការរបស់អតិថិជន និងបានកសាង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងកន្លែងផ្សេងៗ ទៀតជាច្រើនផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពុងផែស្វយ័តភ្នំពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប រួមទាំងកម្មករ និយោជិត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «យើងអាចជួបជុំពង្រីកកំពង់ផែបានដូចសព្វថ្ងៃនេះ ដោយសារតែ​ប្រទេស​យើងមានសុខសន្តិភាព ទើបសេដ្ឋកិច្ចប្រទេសជាតិយើងមានការរីកចម្រើន ប្រមាណ៧% ក្នុងមួយឆ្នាំ​ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ហើយកំពង់ផែក៏មានការទទួលទំនិញនាំចេញ នាំចូលកើនឡើង១៤.៤% ក្នុងមួយឆ្នាំ​ ដូចនេះហើយ យើងត្រូវតែកសាងកំពង់ផែបន្តបន្ទាប់ទៀត ដើម្បីពង្រីកអាជីវកម្មរបស់យើង ​ទៅតាមតំរូវការ របស់អតិថិជនរបស់យើង ហើយបើមិនមានសុខសន្តិភាព មិនមានស្ថេរភាពនយោបាយនោះទេ យើងមិនមានឱកាស ក្នុងការពង្រីកនូវកំពង់ផែ LM១៧ នេះនោះទេ ឬកសាងអ្វីៗផ្សេងទៀតនោះទេ» ។

លោកបានបន្តថា «បើគ្មានសុខសន្តិភាពនោះទេ យើងមិនមានឱកាសកសាង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងផ្សេងៗទៀត ដោយសារប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើបយើង​ឱកាសទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ ហើយដោយសុខសន្តិភាពនេះហើយ ទើបរដ្ឋាភិបាលអាចទាក់ទាញបានភ្ញៀវទេសចរ ជាច្រើនលាននាក់មកលេងនៅកម្ពុជា និងបានបើកទីផ្សារ យកកសិផលនាំទៅយកនៅបរទេស និងបានបង្កើតជាការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ដែលនេះជាកត្តាដ៏សំខាន់បំផុតក្នុងការកសាងប្រទេស​ជាតិ មាតុភូមិ»។

លោកបានបន្តថា ក្រោមដំបូលសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន​ ដោយបានដាក់ចេញនៅនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យប្រទេសជាតិយើង​បានរីកចម្រើន យើងមានឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចដូចបច្ចុប្បន្ននេះ ដែលមានអត្រាកំណើនមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំ និងនៅឆ្នាំ២០១៩ តាមការព្យាករណ៍របស់ធនាគារពិភពលោក និងមានអត្រាកំណើនរហូត ៧.៣% ជាងនេះទៅទៀតកត្តាសុខសន្តិភាពនេះហើយ ក៏បានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ទទួលបានកំណើនខ្ពស់ក្នុងការដឹកជញ្ជូនទំនិញ ជាបន្តបន្ទាប់ផងដែរ ​៕