(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលរបស់កម្ពុជានៅថៃ្ងទី១៤ ខែ ធ្នូ ឆ្នាំ២០១៨ បានបន្តសកម្មភាពចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ។ ជាលទ្ធផលរកឃើញដេប៉ូលក់ប្រេងតេលាមួយកន្លែង បានលក់ប្រេងមិនគ្រប់ចំណុះនោះឡើយ។

លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់នៃអគ្គនាយកដ្ឋានកាំកុងត្រូលដែលបានដឹកនាំប្រតិបត្តិការនេះបានឲ្យដឹងថា ការចុះពិនិត្យនេះក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

លោកបានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី កុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្សន៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។

បើតាមលោក ចំណាប់ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ ០៣ កន្លែងនៅទីតាំងខាងលើនេះ គឺមានស្ថានីយ និងដេប៉ូ ០១កន្លែង ឈ្មោះ TELA (ឬស្សីស្រស់) ដីឡូត៍លេខ ៤៧ ផ្លូវលំ សង្តាត់ និរោធ ខណ្ឌច្បារអំពៅ មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់។

អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់នៃអគ្គនាយកដ្ឋានកាំកុងត្រូលរូបនេះ បានអះអាងថា ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេងតាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញតាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។

លោកបានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។

លោក មាន ចំណាប់ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដោយត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រ៕