(ភ្នំពេញ)៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានរំលឹកខួបទី៤០របស់ខ្លួន ក្នុងការអបអរសាទរ នៃថ្ងៃបង្កើតសមាគមឡើង ០២ធ្នូ ១៩៧៨-០២ធ្នូ ២០១៨ ក្នុងវេទិកាមួយស្ដីពី «ស្ត្រី និងកិច្ចការសង្គម» ដែលរៀបចំធ្វើឡើងនៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

ពិធីនេះ មានការចូលរួមពី លោកស្រីទូច សារ៉ុម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមនារី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌឬស្សីកែវ, លោក ជា ពិសី អភិបាលខណ្ឌ, លោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ, លោកស្រី សួស សូលីដា អនុប្រធានសមាគមនារីខណ្ឌ និងជាអភិបាលរងខណ្ឌ លោក ជុំបាយ័ន វិបុល ក្រុមប្រឹក្សាខណ្ឌ និងសមាជិក-សមាជិកា សរុបជាង២០០នាក់។

ក្នុងពិធីនោះ លោកស្រី ទូច សារ៉ុម បានលើកឡើងអំពីតម្លៃស្ត្រី ដែលត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច និងចូលរួមថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។

ដោយឡែក លោកស្រី អាន ផល្លា បានលើកឡើងពីសមាគមនារីបច្ចុប្បន្ន នៅតែអាចបន្តវេនយ៉ាងសកម្ម លើគ្រប់មជ្ឈដ្ឋាន ពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨។

លោកស្រីបន្តថា សមាគមនារី នាពេលសម័យនោះ បានចូលរួមយ៉ាងអង់អាចក្លាហាន និងមានឆន្ទះមោះមុត ដើម្បីរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ ដ៏កំណាចឃោរឃៅ មិនអាចបំភ្លេចបានចំពោះរណសិរ្ស សង្គ្រោះជាតិ ដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។

លោកស្រីបន្ដថា ដោយក្នុងនោះ ទទួលបានជ័យជំនះមកវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងការបន្តជំរុញលើកកំពស់សិទ្ធិស្ត្រី និងកុមារ ក្នុងលទ្ធិប្រជាធិបតេយ្យ សេរី ដើម្បីលើកតម្កើងចំណេះដឹង ចំណេះធ្វើគ្រប់បែបយ៉ាងរបស់ស្ត្រី ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោក ជា ពិសី បានលើកឡើងផងដែរថា តម្លៃរបស់ស្ត្រី មានការយកចិត្តទុកដាក់ និងផ្តល់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាមន្ត្រីរាជការ កម្មករកម្មការិនី រួមជាមួយបុគ្គលិកក្រុមហ៊ុននានា ពិសេសនៅពេលឆ្លងទន្លេ បានឈប់ សំរាកលំហែរមាតុភាពរយៈពេល៣ខែ ដោយមិនកាត់ប្រាក់ខែ ហើយបានផ្តល់ប្រាក់ឧបត្ថម្ភជាច្រើនទៀត ដែលស្ថិតក្រោមការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៦ របស់យើង។

លោកអភិបាលខណ្ឌ បានបន្ថែមទៀតថា លើសពីនេះ មន្ត្រីរាជការជាស្ត្រី បានទទួលនូវការពន្យារយៈពេលចូលនិវត្ត រហូតដល់អាយុ៦០ឆ្នាំ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ជាច្រើនក្នុងន័យលើកទឹកចិត្តដល់ស្ត្រីគ្រប់វិស័យ ក្នុងនោះបានផ្តល់ឲ្យស្ត្រី មានតួនាទី នៅតាមស្ថាប័នក្រសួងថែមទៀតផង៕