(ភ្នំពេញ)៖ ការសម្ពោធវិមានឈ្នះឈ្នះ និងខួបអនុស្សាវរីយ៍២០ឆ្នាំ​ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ពោលនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ (២៩-៣១ ខែធ្នូ) ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ខណៈសល់តែកន្លះខែទៀតមកដល់នោះ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ដោយមានការណែនាំជាប្រចាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បាននិងកំពុងខិតខំប្រឹងប្រែង គ្មានពេលសម្រាក ដើម្បីបញ្ចប់សំណង់វិមានឈ្នះឈ្នះមួយនេះ។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងនូវគោលបំណងសំខាន់ៗចំនួន៣ រហូតឈានដល់ការសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលស្ថិតនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាគន្លឹះដល់អ្នកសិក្សាស្វែងយល់។

តើគោលបំណង៣មានអ្វីខ្លះ សូមអាននូវខ្លឹមសារពន្យល់ពី នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ខាងក្រោមនេះ៖

*ទី១៖ គឺជាការរំឭកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ ថា តើអ្វីទៅជានយោបាយឈ្នះ-ឈ្នះ? តើនយោបាយឈ្នះ-ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាល នៃការដាក់ចេញ សម្រាប់ការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ តាមរបៀបណា? តើការបានដាក់ចេញ នូវគោលគំនិតនយោបាយឈ្នះ-ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិន្ដ ស្រមៃ និងកាន់តែមិនមែនជា ការជួយជ្រោមជ្រែង ឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯង គឺខុសអំពីក្នុងអំឡុងកាលដែលមានបេសកកម្ម «អ៊ុនតាក់» កន្លងមក នៅក្នុងកម្ពុជារបស់យើង។

*ទី២៖ ក្រៅពីការសម្ដែងនូវភាពកតញ្ញូ ការដឹងរំឭកគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើតគឺជាការរៀបចំទីតាំងដែលបង្ហាញ នូវសមិទ្ធផលទទួលដោយសន្ដិភាព និងការអភិវឌ្ឍន៍ក្នុងមាតុភូមិកម្ពុជា របស់យើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព។ ន័យនេះចង់បញ្ជាក់ថា សមិទ្ធផល និងការអភិវឌ្ឍន៍ទាំងអស់បានមកពីណា? ចេញមកពីនរណាឱ្យពិតប្រាកដ? លទ្ធផលដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង មិនអាចនរណាម្នាក់មិនទទួលស្គាល់ ឬបំភ្លៃជាដាច់ខាត នូវសច្ចភាពនៃការវិវឌ្ឍន៍បែបនេះ។ ដូច្នេះក៏មានន័យអំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជា ក្នុងដំណាក់កាលនេះ និងជាដំណាក់កាល ដែលយើងឱ្យឈ្មោះថា សម័យកាលតេជោសែន ក៏ថាបានហើយភស្ដុតាងទាំងអស់នេះតើមានពិតឬទេ? វិស័យនានាដែលមាន តើពិតប្រាកដឬទេ? ទំាងវិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា...ន័យចំណុចទី២នេះ គឺសំដៅទៅលើការបង្ហាញនូវសុខដុមភាពនៃសង្គមកម្ពុជា ដោយលទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ។

*ទី៣៖ គោលបំណងដ៏សំខាន់គឺជាការចែករំលែក ការផ្ដល់នូវការសិក្សាជាទីកន្លែងមួយដែលអាចធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវ ឈ្វេងយល់ និងខិតខំបង្កើត នូវចក្ខុវិស័យក្នុងការបន្ដស្ថានភាព ដែលមានបែបនេះតទៅអនាគត។ ដូច្នេះដើម្បីចែករំលែក ធ្វើជាមូលដ្ឋានឱ្យការងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគនិងក្នុងការចែករំលែកបន្ដគឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងទីកន្លែងទាំងអស់នេះ ឱ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញនិងឱ្យមានស្ថានភាពដែលកន្ទ្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យ ឌីជីថល ឬសម័យដែលត្រូវការពេលវេលាខ្លីសម្រាប់បង្កើនប្រសិទ្ធិភាពការងារនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ដូចនេះការរៀបចំភូមិសាស្ដ្រនៅទីនេះ ទោះបីមានទំហំតូចល្មម ប៉ុន្ដែមានទីកន្លែងសម្រាប់បង្ហាញអំពីសុខដុមសង្គម ទីកន្លែងដែលមានអាគារនិងតម្កល់ នូវតឹកតាងពិតប្រាកដ ជាសក្ខីកម្មនៃអ្វីដែលធ្លាប់ប្រើប្រាស់ ធ្លាប់មាន ទាំងរូបភាពនិងគំនូរ រូបថត សម្ភារៈរហូត ដល់គ្រឿងយោធបករណ៍នានា និងមានទីកន្លែងគួបផ្សំទៅដោយធម្មជាតិដែលជាអត្តសញ្ញាណទាំងដើមឈើ ដើមផ្កា និងការបំបែកឯកត្ដកម្មកម្ពុជា ក្នុងពិភពលោកដូចជា៖ ក្រម៉ាវែងជាងគេ, ទូកវែងជាងគេ, ការរាំម៉ាឌីស្សុន ច្រើនជាងគេ នំអន្សមដែលធំជាងគេ។ល។ នេះគឺជាគោលបំណងសាមញ្ញ នៃការកសាងវិមានឈ្នះ-ឈ្នះ ប៉ុន្ដែចេញពីភាពសាមញ្ញទាំងបីនេះ ពិតណាស់អាចផ្ដល់ឱ្យមនុស្សគ្រប់មជ្ឈដ្ឋាន ទាំងអ្នកចេះដឹងជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ, ប្រជាជនសាមញ្ញ, ពាណិជ្ជករ, ទេសចរណ៍ ក្នុងនិងក្រៅប្រទេស និងជាតិសាសន៍ ដទៃផងដែរ។ យើងមានទីកន្លែងមួយដែលក្លាយ ជាអត្ដសញ្ញាណនៃប្រវត្តិសាស្ដ្រ ស្ដីអំពីការបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព សម្រេចបាននូវសមិទ្ធផល អភិវឌ្ឍន៍សង្គម និងអាចនិយាយថា មិនធ្លាប់មាននៅទីកន្លែងបែបនេះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមទៀតថា បច្ចុប្បន្ននេះកម្ពុជា មានអាគារធំៗទំនើប មានគ្រឹះស្ថាននានា និងទីកន្លែងដែលបំពាក់ ទៅដោយភាពស្រស់បំព្រង ឆើតឆាយ ប៉ុន្ដែនៅទីនេះ ពិតជាទីឋានមួយដែលមានលក្ខណៈខុសពីកន្លែងទាំងអស់នេះ ហើយជាទីបំពេញនៃចន្លោះ ប្រហោងមួយនៃប្រវត្តិសាស្ដ្រ ដើម្បីឱ្យកាន់តែជាក់ស្ដែងឡើង និងមានភស្ដុតាងពិតប្រាកដ សម្រាប់មនុស្សជាតិទាំង ក្នុងនិងក្រៅប្រទេស ទៅថ្ងៃអនាគតផងដែរ។ ច្បាស់ណាស់ ថាមហិច្ចតា ដ៏ធំចេញពីភាពសាមញ្ញនេះ ពិតជាមិនទាន់គ្រប់គ្រាន់។ ដូច្នេះព្រឹត្ដិការណ៍ថ្ងៃទី២៩ ដែលជាទិវាខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ និងការសម្ភោធ វិមានឈ្នះ-ឈ្នះ ក្នុងដំណាក់កាលមួយនេះ គឺនឹងបើកសគរាជថ្មី ទំព័រប្រវត្តិសាស្ដ្រ ថ្មីសម្រាប់ជាតិយើង សម្រាប់មនុស្សគ្រប់គ្នា គ្រប់ទីកន្លែងទទួលបន្ថែមទៀត ជាមួយសមិទ្ធផលដ៏ច្រើន ដែលយើងបានទទួលរួចមកហើយ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជំរុញឱ្យមានលរួមចំណែក ដើម្បីកសាងបន្ដទៀត និងអធិដ្ឋានរួមគ្នាឱ្យសន្ដិភាព នៅលើទឹកដីរបស់យើង បានឋិតឋេរចីរកាលជាមួយអត្ដសញ្ញាណ និងព្រលឹងនយោបាយឈ្នះ-ឈ្នះ ដែលមាននេះ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរ នៃនយោបាយឈ្នះឈ្នះ កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕