(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តធុនធំ បើកចូលរាជធានីភ្នំពេញខុសម៉ោង ដែលអាជ្ញាធរអនុញ្ញាតនោះ គឺមិនមែនជារឿងលំបាកសម្រាប់នគរបាលនោះទេ។ ប៉ុន្ដែបញ្ហាដែលលំបាកនោះ គឺការរកកន្លែងទុកដាក់រថយន្តធុនធំនោះទៅវិញទេ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា «ការទប់ស្កាត់រថយន្តធុនធំបើកចូលភូមិសាស្រ្ដរាជធានីភ្នំពេញ មុនការកំណត់របស់សាលាក្រុង វាមានបញ្ហា ច្រើនណាស់ ការឃាត់អី វាមិនពិបាកទេ ក៏បានប៉ុន្ដែខ្ញុំបានជូនយោបល់ទៅគាត់ (អភិបាលរាជធានីភ្នំពេញ) ថាបញ្ហាប្រឈមវាអញ្ចឹងឃាត់បានតែ ៣-៤រឿង កន្លែងដាក់លែងបានហើយ យើងធ្វើតែផ្លូវ២ផង តែផ្លូវហាណូយ និងផ្លូវមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»

ស្នងការ​គរបាលរូបនេះ ​បានចេញបទបញ្ជាដល់ការិយាល័យចរាចរណ៍​ និង​នគរបាលតាមខណ្ឌ ជាពិសេសខណ្ឌដែលនៅជាយក្រុង ត្រូវធ្វើការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ និងហាមដាត់ខាតចំពោះ ការធ្វើដំណើររថយន្តធុនធំ ចូលមករាជធានីភ្នំពេញ ដោយខុសម៉ោងអនុញ្ញាតនោះ។

នាយការិយាល័យចរាចរណ៍ជើងគោក លោកវរសេនីយ៍ឯក សែម គន្ធា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការភ្លាម លោកបានបញ្ជាទៅកាន់ កម្លាំងនគរបាលចរាចរណ៍ជើងគោក ដែលយាមនៅតាមគោលដៅ​ សហការជាមួយនគរបាលតាមខណ្ឌទាំងនោះ ត្រូវបង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ និងទប់ស្កាត់ឲ្យខាងតែបានចំពោះ រថយន្តធុនធំទាំងនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា លោកគ្រោងជួបប្រជុំ ជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននានា ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យរថយន្តធុនធំគ្រប់ប្រភេទ ពិសេសរថយន្ត កុងតឺន័រ បើកចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៩យប់។

ឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងបញ្ជាក់ថា «ហើយពេលយើងចុះចាប់ ចាប់បានតែប៉ុន្មានឡាន គឺវាលែងមក ខ្ញុំថា ល្អហើយតើ សំខាន់គឺយើងផ្សព្វផ្សាយ និងការណែនាំរបស់សាលា ក្រុងបើគាត់ ស្ដាប់អាហ្នឹងហើយ យើងមិនចង់ចាប់ទេ យើងមិនចង់បានប្រាក់ ផាកពិន័យហ្នឹងប៉ុន្មាន ទេឲ្យតែគាត់គោរពច្បាប់»