(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ​ យ៉ាងហោចណាស់មានសិស្សថ្នាក់ទី១០ (ភាគច្រើន) និងទី១១ ជិត៣០នាក់ មានអាការៈទន់ដៃទន់ជើង ថប់ដង្ហើម រកកលសន្លប់ជាបន្តបន្ទាប់ នៅក្នុងវិទ្យាល័យកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ខណៈមន្រ្តីជំនាញ និងអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។

លោកអភិបាលស្រុកកោះធំ ឯក មោក បានប្រាប់ Fresh News ឲ្យដឹងថា ករណីនេះ បានកើតមាននៅព្រឹកមិញនេះចំនួន២៨នាក់ តែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ។

លោកបានបញ្ជាក់ថា មូលហេតុនៃការដួលសន្លប់ សមត្ថកិច្ចកំពុងស្រាវជ្រាវថា តើបណ្តាលមកពីបរិយាកាស ឬបណ្តាលមកពីការពុលអាហារ។ ប៉ុន្តែ ផ្អែកតាមការសាកសួរជំហានដំបូង បានឲ្យដឹងថា មានសិស្សស្រីម្នាក់ ហាក់មានវិប្បត្តិបាក់ទឹកចិត្ត ដោយសាឪពុកម្តាយឲ្យឈប់រៀនដើម្បីទៅធ្វើការនៅប៉ោយប៉ែត។

នាងជាសិស្សម្នាក់ ដែលរស់នៅជាមួយយាយតា តែប៉ុន្មានថ្ងៃនេះ ម្តាយនាងមិនអនុញ្ញាតឲ្យរៀនបន្តនោះទេ។ លុះពេលនាងប្រាប់គ្រូ ស្រាប់តែមានអាការៈ ទន់ដៃ ទន់ជើង​ ថប់ដង្កើម រកកលដួលសន្លប់ ក៏មានមិត្តរួមថ្នាក់ជួយសង្គ្រោះបឋម។​ ជារឿងមិននឹងស្មានដល់ ក៏ស្រាប់តែសិស្សផ្សេងៗទៀត ចាប់ផ្តើមដួលសន្លប់តាមគ្នាតែម្តង។

បើតាមលោកអភិបាលស្រុក នៅពេលកន្លងទៅ ក៏មានករណីនេះកើតឡើងផងដែរ តែក៏ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ៕