(ភ្នំពេញ)៖ ​​អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែងនឹងសាងសង់ឡេីងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ​ ដេីម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ។

ការសម្រេចសាងសង់បានធ្វេីឡេីងនៅក្នុងជំនួបដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងខេត្តព្រះសីហនុរវាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយតំណាងតំណាងក្រុមហ៊ុន​ និងម្ចាស់សណ្ឋាគារធំៗក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះសិក្សា និងវិភាគទីតាំងផ្ទាល់ ដោយបានដោះស្រាយផលប៉ះពាល់ជាមួយ​អ្នកពាក់ព័ន្ធ​ និង បានរៀបចំប្លង់ស្ថានីយ ប្លង់បណ្តាញប្រព័ន្ធទុយោបូមទឹកកខ្វក់ និងលូបេតុងមុខកាត់​១​ម៉ែត្រ ព្រមទាំងបានរៀបចំឯកសារបច្ចេកទេសលម្អិត ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ និងរលូន​។

បន្ទាប់ពីពិភាក្សាបានសម្រេចរៀបចំ និងចុះកិច្ចសន្យាសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ទីតាំង ដោយ​​ទី​១៖​ នៅឆ្នេរឯករាជ្យ, ​ទី​២៖​ នៅអូរចន្លោះក្រុមហ៊ុនសុខា, ​ទី​៣៖​ នៅអូរសំអាត និង​ទី​៤៖ នៅឆ្នេរអូរឈើទាល ព្រមទាំងការរៀបចំបណ្តាញលូប្រវែង​៩១៩​ម៉ែត្រ។

ជាការកត់សម្គាល់ការសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅតំបន់ឆ្នេរ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ បានធ្វើឡើងក្រោយផ្ទុះការប្រតិកម្ម ជាបន្ដបន្ទាប់ពីមហាជន ជុំវិញការបង្ហូរទឹកកខ្វក់ចេញពីអាហារដ្ឋាន តាមកន្លែងកម្សាន្ដផ្សេងៗ និងលំនៅឋានរបស់ប្រជាពលរដ្ឋជាដើម ចូលទៅក្នុងសមុទ្រ។

ការបង្ហូរទឹកកខ្វក់នេះ នឹងបណ្ដាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សោភណ្ឌឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលជាហេតុនាំឲ្យមានការជះឥទ្ធិពលមិនល្អផងដែរ ដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅកម្សាន្ដនៅតំបន់ទាំងអស់នោះ។

ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ​ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុបចំនួន​៣​,១០០,០០០​(បីលាន​​មួយរយពាន់) ដុល្លារសហរដ្ឋអាមេរិក។ សប្បុរសជនទាំងនោះរួមមាន៖

១៖​ អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន ហេរ៉ូឃីង អាហរ័ណ នីហរ័ណ​ ​៥០០,០០០ដុល្លារ
២៖​ អ្នកឧកញ៉ា កុក អាន ៥០០,០០០ដុល្លារ
៣៖​ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ ​៥០០,០០០ដុល្លារ
៤៖​ ឧកញ៉ា ហូលិក តាន់ឌីហ្សូណូ នាយកក្រុមហ៊ុន ហូលីដេ ភែលេស ៥០០,០០០ដុល្លារ
៥៖​ ឧកញ៉ា អ៊ែក ប៉ង និងសណ្ឋាគារ ស៊ីហ៊ូ រីសត ​៥០០,០០០ដុល្លារ
៦៖​ ឧកញ៉ា អ៊ូ ឆាយ ​ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. និង ក្រុមហ៊ុន SHU JIAN TIAN YU DEVELOPMENT CO.,LTD. ៦០០,០០០ដុល្លារ៕​