(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានប្រកាសថាសហភាពអឺរ៉ុបសម្រេចផ្តល់ថវិកាប្រមាណជា ៨៧លានអឺរ៉ូ ស្មើនឹងជិត ៩៩លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍កម្មវិធីគ្រប់គ្រងធនធានជលផល ក៏ដូចជាការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតអឺរ៉ុបប្រកាសឲ្យដឹងបែបនេះក្នុងពេលរូបលោកអញ្ជើញចុះពិនិត្យការប្រមូលផលត្រីនៅតាមដងទន្លេសាប និងការចិញ្ចឹមត្រីនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។ បើតាមលោក George Edgar ពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃមុខទៀតនេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កញ្ចប់ថវិកាជំនួយនេះ ប្រើសម្រាប់អភិរក្ស និងគ្រប់គ្រងធនធានជលផល ហើយមួយចំណែកទៀតប្រើសម្រាប់ជួយដល់សហគមន៍ចិញ្ចឹមត្រី ធ្វើយ៉ាងម៉េចឲ្យគាត់មានលទ្ធភាពទទួលបានចំណូលច្រើន។ មួយចំណែករុញទៅដល់ការបណ្តុះបណ្តាលសហគមន៍នេសាទដែលមានលទ្ធភាពជួយការពារផង។

លោកឯអគ្គរដ្ឋទូតអឺរ៉ុប បានអះអាងថា ការគ្រប់គ្រងវិស័យជលផល ក៏ដូចជាវារីវប្បកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់អាហារូបត្ថម្ភ និងធានាដល់សន្តិសុខស្បៀងនៅកម្ពុជា។

«ការគ្រប់វិស័យជលផល ក៏ដូចជាវិស័យវារីវប្បកម្មនេះ គឺមានសារសំខាន់សម្រាប់អាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋខ្មែរ។ សហភាពអឺរ៉ុបនឹងធ្វើការឲ្យសកម្មជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការគ្រប់គ្រងទៅលើកម្មវិធីជលផល ក៏ដូចជាវារីវប្បកម្ម។ កម្មវិធីនេះមានសារសំខាន់សម្រាប់អាហារូបត្ថម្ភ ក៏ដូចជាសន្តិសុខស្បៀងសម្រាប់ពលរដ្ឋកម្ពុជា។ ជាពិសេសការគ្រប់វិស័យជលផល និងអភិវឌ្ឍវារីវប្បកម្មដោយនិរន្តរភាព»។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត៕