(ក្រចេះ)៖ នគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ និងម៉ូតូ១គ្រឿងពាក់ព័ន្ធករណីលួចក្របីប្រជាពលរដ្ឋចំនួន៩ក្បាល កាលពីវេលាមោង៣ ៖៣០នាទី ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងព្រៃចំនុចស្រែធារាសាស្រ្តភូមិកែង ឃុំជ្រោយបន្ទាយ ស្ថិតក្នុងស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ។

អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៣គ្រួសារ រស់នៅចំណុចស្រែកំពោតភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាត់ក្របីចំនួន៩ ក្បាលដែលចងនៅក្រោយផ្ទះ កាលពីវេលាម៉ោង១១៖៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយពីបានទទួលដំណឹងភ្លាម, លោកបានបញ្ជាកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសោប និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ និងប្រជាការពារបានសហការគា្ន ដេញតាមប្រផាក់ប្រភីង មកដល់ចំណុចស្រែធារាសាស្រ្ត ភូមិកែង ឃុំជ្រោយបន្ទាយពេលនោះ ជនសង្ស័យបានលែងក្របីចោលរួចរត់គេចខ្លួនចូលព្រៃនៅជិតនោះ។ ទន្ទឹមនឹងនោះដែរ កម្លាំងសមត្ថកិច្ចក៏ឃ្លាំមើលនិងហុំពទ័ព្រៃនោះ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងម៉ូតូ១គ្រឿង។

អធិការនគរបាលរូបនោះបន្ដទៀតថា ជនសង្ស័យទី១ឈ្មោះ ចាន់ បូណា អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី២ឈ្មោះហេង គង់ អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងឬស្សីឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម៉ូតូ១គ្រឿងម៉ាកអាល់ហ្វា ពណ៌ផ្ទៃមេឃដែលលាក់ទុក នៅក្នុងព្រៃនៅជិតនោះ។

បច្ចុប្បន្នជនសង្សយ័ឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រែប្រសព្វ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ៕