(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារ ក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២១។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងលោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ និងលោក Guenter Riethmacher នាយកប្រចាំប្រទេស ដោយមានលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈជាសាក្សី​ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

លោក ម៉ម វណ្ណៈ សង្ឃឹមថាគម្រោងថ្មីនេះនឹងធ្វើឱ្យការ អនុវត្តនៅតាមតំបន់កាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ នឹងសហការភាពជាដៃគូជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ទទួលបានជោគជ័យបន្ថែមទៀត។

លោក Guenter Riethmacher ជឿជាក់ថាភាគីទាំងពីរនឹងបន្តសហការគាំទ្រគ្នាទៅវិញទៅមក ដើម្បីឱ្យគម្រោងមួយនេះដំណើរការដោយជោគជ័យ។

កិច្ចព្រមព្រៀងរវាង NEA និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ដំណាក់កាលទី៤ របស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារ នៅក្នុងខេត្តបន្ទាយមានជ័យ គឺដើម្បីភ្ជាប់ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ជាមន្រ្តីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ដំណាក់កាលទី៤ ដែលមានសកម្មភាពត្រូវអនុវត្តដូចខាងក្រោម៖
* អនុវត្តការពង្រីកសេវា, ការបណ្តុះបណ្តាលការរៀបចំការងារ និងសេវាទទួលបានការងារ។
* ចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើនការគ្រប់គ្រង និងគុណភាពផ្តល់សេវារបស់មន្រ្តីមជ្ឈមណ្ឌលការងារ។
* គាំទ្រគណៈកម្មការជំរុញការងារកម្រិតឃុំ ដើម្បីភ្ជាប់អ្នកស្វែងរកការងារពីស្រុកជាមួយការងារ ដែលផ្តល់ដោយមជ្ឈមណ្ឌលការងារ។
* សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលការងារ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្ត ដើម្បីធ្វើការផ្គូរផ្គង់តម្រូវការ និងការផ្គត់ផ្គង់ជំនាញកាន់តែប្រសើរឡើង។
* អភិវឌ្ឍការទំនាក់ទំនងជាមួយអ្នកជំនួញ ម្ចាស់ជំនួយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
* គាំទ្រកិច្ចសន្ទនារវាងដៃគូសាធារណៈ និងឯកជនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីផ្លាស់ប្តូរសហប្រតិបត្តិការ និងការសម្របសម្រួលរវាងវិស័យសាធារណៈ និងឯកជន ស្តីពីការអភិវឌ្ឍជំនាញ និងការជំរុញការងារ។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.kh និងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕