(កោះកុង)៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា អបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ (ជុំទី២) នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិជាង ៧៧ម៉ឺននាក់ បានមកទស្សនាតំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា ក្នុងកំណើន២៦.៩%។

លោក ថោង ខុន បានរំពឹងទុកថា សម្រាប់ឆ្នាំ២០១៨នេះ តំបន់ឆ្នេរសមុទ្រកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៩២ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៣.៥លាន់នាក់ ក្នុងនោះខេត្តកោះកុង អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៩ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦០ម៉ឺននាក់។

លោកថា តាមការប៉ាន់ស្មាន តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤.៥លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានភ្ញៀវអន្តរជាតិជាង ៣លាននាក់ និងភ្ញៀវជាតិប្រមាណ ៦លាននាក់។

លោករដ្ឋមន្ត្រីថា តួលេខខាងលើនេះ គឺជាសារប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឲ្យចូលរួមគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច សង្គមជាអតិបរិមាពីតំបន់នេះ តាមរយៈវិស័យទេសចរណ៍។

លោកបញ្ជាក់បន្ថែមថា ស្របតាមទិសដៅយុទ្ធសាស្រ​ក្នុងការអភិវឌ្ឍខេត្តតំបន់ឆ្នេរទាំង៤៖

* ខេត្តកោះកុង ត្រូវបានចាត់ទុកជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរលំដាប់ខ្ពស់ និងប្រណីត។
* ខេត្តព្រះសីហនុ ជាគោលដៅទីក្រុងទេសចរណ៍សម្រាកលំហែ និងជាបណ្តុំ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។
* ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។
* ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអបអរសាទរនូវជ័យលាភីប្រឡងប្រណាំងធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ​ ជ័យលាភីឆ្នេរខ្សាច់កម្សាន្តស្អាត​ អាជីវកម្មដែលត្រូវបានជ្រើសរើសផ្តល់បណ្ណសរសើរ និងលិខិតសរសើរ។

លោករដ្ឋមន្ត្រីក៏បានប្រគល់ជូនដល់លោកស្រីអភិបាលខេត្តកោះកុង មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ក្នុងខេត្តកោះកុងនូវត្រាចំនួន១០ និងកូនសៀវភៅ Green passport ចំនួន១១៨ ដើម្បីចូលរួមចលនាប្រឡងប្រណាំងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត​ ក្នុងខេត្តកោះកុង។ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាមក៏បានទទួលនូវ Standing សម្រាប់ការចូលរួមក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ភាគីព័ន្ធទាំងអស់យកចិត្តទុកដាក់លើកិច្ចការមួយចំនួនផងដែរ ដើម្បីរក្សាបាននូវលំនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថានធម្មជាតិតំបន់ឆ្នេរ ពិសេសតំបន់ឆ្នេរខេត្តកោះកុង ក្នុងនោះរួមមានត្រូវពង្រឹងការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ពិសេសឆ្នេរខ្សាច់កម្សាន្តស្អាត ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត៕