(ស្វាយរៀង)៖ កម្មករ-កម្មការិនី ប្រមាណ៨៨០នាក់ បម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសស៍ នៅរោងចក្រផលិតអំពូលភ្លើងលំអរ ខ្សែភ្លើង និងកេសកាតុង បែហុង ខេមបូ បាននាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ ខណៈដែលទាមទារលក្ខខណ្ឌការងារមួយចំនួន ឲ្យថៅកែរោងច្រក និងមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ខេត្តស្វាយរៀង រកដំណោះស្រាយ។

ការធ្វើកូដកម្មមិនចូលធ្វើការនេះ បានកើតឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រផលិតអំពូលភ្លើងលំអរ ខ្សែភ្លើង និងកេសកាតុង បែហុង ខេមបូ ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គារីសស៍ នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមតំណាងកម្មករ បានឲ្យដឹងថា ការធ្វើកូដកម្មមិនចូលធ្វើការ គឺពួកគាត់ទាមទារលក្ខខណ្ឌការងារមួយចំនួន ពីថៅកែរោងចក្រ រួមមាន៖

១៖ សុំឲ្យក្រុមហ៊ុនរៀបចំកន្លែងដាក់ម៉ូតូ ក្នុងរោងចក្រងាយស្រួលក្នុងការយកចេញ
២៖ សុំចូលធ្វើការម៉ោង១២៖៣០នាទី ថ្ងៃធម្មតា
៣៖ ការងារសាកល្បង១៦៥ដុល្លារ ក្នុងមួយខែអត់បូកថ្ងៃអាទិត្យ
៤៖ ថ្ងៃបុណ្យសូមធ្វើការគុណឲ្យកម្មករ-កម្មការិនី
៥៖ ស្នើឲ្យរោងចក្រមានឡានពេទ្យ សំរាប់កម្មករពេលមានគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ
៦៖ សុំមិនថែមម៉ោងពេលថ្ងៃត្រង់។
៧៖ មិនត្រូវជិះជាន់លើកម្លាំងកម្មករ
៨៖ ស្នើសុំកុំឲ្យសន្តិសុខ ដកកាតពីកម្មករពេលចេញម៉ោង១៦៖៣០នាទីល្ងាច
៩៖ ពេលថែមម៉ោងឈលើគោលការស្ម័គ្រចិត្តរបស់កម្មករ
១០៖ ពេលបើកលុយសុំឲ្យបើកក្នុងម៉ោងការងារ
១១៖ ស្នើសុំឲ្យរោងចក្របើកលុយ ឲ្យកម្មករភ្លាមៗ ក្រោយពេលបញ្ឈប់កម្មករ។

បើតាមមន្ត្រីមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ខេត្តស្វាយរៀង បានឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មករ រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់នេះ គឺមិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈមានវត្តមានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងមន្ត្រីមន្ទីរការងារខេត្ត តំណាងថៅកែរោងចក្រតំណាងកម្មករ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ចូលរួមពិភាក្សារកដំណោះស្រាយ លក្ខខណ្ឌការងារតាមច្បាប់ផងដែរ៕