(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកម្សាន្ដសប្បាយរីករាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹង​ជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ​ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។

ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។ សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង អោយបានច្រើកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា»។

សូមបញ្ជាក់ថា បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕