(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​២៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ​និងក្រាមពណ៌សថ្លា​១២កញ្ចប់ (ប្រភេទម៉ាទឹកកក)។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថ ជនសង្ស័យទាំង​២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ​, ខណ្ឌដូនពេញ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ០២ថ្ងៃផ្សេងគ្នា ក្នុងភូមិសាស្រ្តរៀងខ្លួន នៃរាជធានីភ្នំពេញ។

ក្នុងនោះរួមមាន ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩៖០០នាទី និងម៉ោង១០៖៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុច​ផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា​។

ចំណែក​១៧នាក់ផ្សេងទៀត ឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយ​​កម្លាំងមូលដ្ឋាន​អាវុធហត្ថខណ្ឌដូនពេញ សហការ​ជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង០៥៖៣៥នាទី នៅចំណុច​លើផ្លូវបេតុង និងបន្ទប់ជួលគ្មានលេខ សំណង់មិនរៀបរយ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពីធ្វើការសាកសួរ តាមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​២៤នាក់​ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕