(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានជំទាស់ទៅនឹងការប្រកាស របស់លោក សម រង្ស៉ី ដែលហាមមិនឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ទទួលយកការដកបម្រាមសិទ្ធិធ្វើនយោបាយ ក្រោមសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលរៀបចំដោយរដ្ឋសភា។

លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ការសម្រេចទទួលយក ឬមិនទទួលយក គួរតែផ្តល់សិទ្ធិឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ជាអ្នកសម្រេចដោយខ្លួនឯង ដោយមិនគួរ លោក សម រង្ស៉ី ដាក់សម្ពាធធ្ងន់ធ្ងរទៅលើពួកគេ ធ្វើការសម្រេចអត្តនោម័តិនោះទេ។

លោក ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនឯកភាពជាមួយលោកប្រធាន សម រង្ស៉ី ដែលសម្រេចអត្ត​នោម័តិ​ឱ្យបុគ្គលទាំង១១៨នាក់ ហើយអះអាងថា ពួកយើងមិនទទួលសិទ្ធិ(នយោបាយ)ក្តី ជាការអះអាងរបស់លោកផ្ទាល់ ប៉ុន្តែអ្នក១១៨រូប ក្នុងនោះមានទាំងខ្ញុំផ្ទាល់ មិនទាន់មានការអះអាងអ្វីនៅឡើយទេ»។

លោកបានបន្តថា៖ «ខ្ញុំយល់ថាវាជារឿងបុគ្គលម្នាក់ៗទេ បើសិនជាបុគ្គលម្នាក់ៗ យល់ថាយ៉ាងម៉េច គួរទទួលសិទ្ធិរបៀបម៉េច គួរតែផ្តល់សិទ្ធិជូនបុគ្គលអ្នករងគ្រោះទាំងអស់ហ្នឹងជាអ្នកសម្រេចវិញ ទោះជាសម្រេចរួមក៏ដោយ ជាឯកជនក៏ដោយ ទុកឱ្យពួកគាត់ (១១៨នាក់) ជាអ្នកសម្រេចទៅ មិនអាចឱ្យមេដឹកនាំណាមួយមកអត្តនោម័តិទាំងអស់អញ្ចឹងបានទេ»។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅទន្ទឹមនឹងរដ្ឋសភាដំណើរការរៀបចំសេចក្តីស្នើវិសោធនកម្មច្បាប់ ដែលនឹងផ្តល់សិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយដល់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិឡើងវិញនោះ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានហាមប្រាមដល់អតីតថ្នាក់ដឹកនាំរបស់ខ្លួន មិនឱ្យទទួលយកការដកបម្រាមនេះឡើយ។ ជាមួយគ្នានេះ លោក សម រង្ស៉ី ដែលឡើងជាប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិទាំងខុសលក្ខន្តិកៈ បានព្រមានថា បើសិនជាមាននរណាម្នាក់ទទួលយកការដកបម្រាមនេះ អ្នកនោះគឺជាជនក្បត់បក្សតែម្តង។

លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា ការលើកឡើងរបស់ លោក សម រង្ស៉ី គឺជាសម្ពាធដ៏ធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា «អញ្ចឹង វាធ្វើឱ្យមានសម្ពាធទៅលើបុគ្គលអ្នកនយោបាយដែលរបស់តុលាការ ១១៨រូបនោះ ហើយធ្វើឱ្យយើងខ្ញុំមានការរារែកចិត្តមែនទែន វាជាសម្ពាធមួយដែលវាពិបាកនឹងដកដង្ហើម នៅពេលនេះ ហើយយើងពិបាកធ្វើសេចក្តីសម្រេច ថាតើគួរស្នើដើម្បីយកសិទ្ធិមកវិញដោយរបៀបម៉េច?»។

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចជាច្រកមួយបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនោះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលត្រូវគេរំពឹងថា នឹងចូលជាធរមាន ដើម្បីអនុម័ត នៅពេលឆាប់ៗនេះ។

ច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ)ថា «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

លោក គង់ គាំ និង លោក គង់ បូរ៉ា ដែលជាអតីតតំណាងរាស្រ្ត CNRP ស្ថិតនៅក្នុងចំណោមអ្នកនយោបាយទាំង១១៨នាក់នោះ បានប្រកាសគាំទ្រភ្លាមៗ ព្រមទាំងអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសំណើដើម្បីសុំសិទ្ធិធ្វើនយោបាយត្រឡប់មកវិញ ក្រោយពេលត្រូវហាមឃាត់ដោយតុលាការកំពូល ក្នុងសំណុំរឿងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីចុងឆ្នាំ២០១៧៕