(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាកម្មករសំណង ​ពេលកំពុង​ត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ​លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាប៉ាក ដែលពាក់ព័ន្ធករណីគ្រឿងញៀន​។

លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការឃាត់ជនសង្ស័យជាកម្មករសំណង់ឈ្មោះ ស្រួរ ឌីណា ​អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ជីបម៉ុង ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ​ខាងលើនេះ គឺបានធ្វើឡើងក្នុងពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងខណ្ឌកំពុងតែមមារញឹកក្នុងការសហការចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​នៅចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យបានជិះម៉ូតូ Honda Dream C125 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពត​1K-9059 ចូលមកក្នុងគោលដៅតែម្ដង ទើបឈានដល់សង្ស័យធ្វើការត្រួតពិនិត្យភ្លាមៗ បានរកឃើញថ្នាំញៀន ចំនួន៤កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកមកបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕​