(កោះកុង)៖ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង នឹងឈានចូលមកដល់ហើយចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្អែកទៅ ខណៈមកដល់ពេលនេះ ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានភ្ញៀវទេសចរជួល និងកក់ទុកជិតពេញទាំងអស់ហើយ ប៉ុន្តែភ្ញៀវទេសចរក៏អាចឆ្លងទៅស្នាក់នៅ និងទស្សនានៅខេត្តត្រាត ប្រទេសថៃ បានយ៉ាងងាយស្រួលផងដែរ។

បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

តាមការបញ្ជាក់របស់លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង មកដល់ពេលនេះ ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានភ្ញៀវទេសចរជួល និងកក់ទុកជិតពេញអស់ហើយ មានតែនៅតាមជាយៗក្រុងតិចតួចប៉ុណ្ណោះ ប៉ុន្តែភ្ញៀវទេសចរនៅមានជម្រើសទៅស្នាក់នៅខេត្តត្រាត ប្រទេសថៃក៏បានដែរ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅស្នាក់នៅ និងទស្សនាកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (Copy) មកជាមួយឱ្យបានស្រេច។

លោកប្រធានមន្ទីរបានបន្តថា ខាងភាគីថៃបានត្រៀមបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរទៅពីកម្ពុជាដល់ទៅជាង ៦០០បន្ទប់ឯណោះ ប៉ុន្តែមកដល់ពេលនេះ ភ្ញៀវទើបតែជួលអស់ជាង ១០០បន្ទប់ នៅឡើយទេ ពោលគឺនៅដល់ទៅជាង ៤០០បន្ទប់ទៀត។ សម្រាប់តម្លៃស្នាក់នៅខាងថៃវិញ គឺមិនលើសពី៣០ដុល្លារឡើយ។

ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃ ដែលគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ។ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែនក៏គួរយកតាមផងកាន់តែងាយស្រួល)។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ប្រសិនបើប្រជាពលរដ្ឋចង់ទៅស្នាក់ផ្ទះសំណាក់ សណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ។

តាមការរំពឹងទុក ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច ៩ម៉ឺននាក់។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋាន ទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរ ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋាន ចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕