(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រៅពីសហការ ជាមួយសាខា ឃែរីវើលប្រ៊ីដ ឡូជីសស្ទីក ចុះប្រចាំការនៅផ្សារជម្ពូវ័ន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅបានសហការ ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារ។​

សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ​បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតទំនិញនៅផ្សារទឹកថ្លា ក្រុមការងារបានយកគំរូ២១ដែលរួមមាន៖ គ្រឿងសមុទ្រក្លាសេ យីហ៊ឺក្រៀម បង្គាក្រៀម សណ្តែកបណ្តុះ ត្រីប្រាសំយ៉ុង សាច់ក្រក ប្រហិតសាច់គោ ប្រហិតត្រី សរសៃមីលឿង នំបញ្ចុក ឈាមជ្រូក ខ្ញីហាន់រួច ស្លឹកគ្រៃហាន់រួច ប្រហុក ត្រីប្រម៉ា ។ល។ ត្រូវបានយកមកពិនិត្យវិភាគបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលផលិតផលដែលបានពិនិត្យទាំង២១គំរូនេះ មានអនុលោមភាព សុវត្ថិភាពទាំងអស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក​ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ចៀសការឆ្លងបាត់តេរីផ្សេងៗ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទទំនិញ និងហាមដាក់តាំងលក់ទំនិញណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ។

ទន្ទឹមនោះ សាខានៅបានចុះឃ្លាំ អង្កេត តំលៃលក់រាយប្រេងសាំង និងម៉ាស៊ូត តាមស្ថានីយឡើងវិញដោយពិនិត្យឃើញ៖ ថ្លៃលក់រាយប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៤៥០៛ ក្នុង១លីត្រ រីឯថ្លៃលក់ប្រេងម៉ាស៊ូតវិញគឺ ៣,៥០០៛ ក្នុងមួយលីត្រ ដែលតម្លៃនេះសមស្រប ទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៏អនុវត្តចាប់ពីថ្ងៃទី០១ ដល់១៥ ខែធ្នូ ឆ្នាំ២០១៨៕