(កោះកុង)៖ ក្នុងពិធីដាំកូនឈើអនុស្សាវរីយ៍ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យសហគមន៍ព្រៃកោងកាងទាំងអស់នៅខេត្តកោះកុង រៀបចំជាសួនទេសចរណ៏ សម្រាប់ភ្ញៀវទេសចរដាំកូនឈើឱ្យបានល្អ ដើម្បីទាក់ទាញឱ្យពួកគេមកទស្សនាសហគមន៍ទាំងនោះម្ដងទៀត ឬច្រើនដងទៀត នៅពេលកូនឈើទាំងនោះលូតលាស់ធំ។

ពិធីដាំកូនឈើអនុស្សាវរីយ៍នេះ ធ្វើឡើងនៅសួនទេសចរណ៍បឹងកាយ៉ាក់ មានទីតាំងស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សកម្មភាពនេះក៏មានការចូលរួមពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក Bruna Bodard អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក ព្រមទាំងតំណាងក្រសួង ស្ថាប័ន មន្ត្រីរាជការ សិស្សានុសិស្សជាច្រើននាក់ ដើម្បីអបអរសាទរពិធីបុណសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង។

ក្នុងពេលបើកកម្មវិធី លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍ទេសចរណ៍ទាំងអស់ ត្រូវជំរុញចលនា «ទេសចរម្នាក់ ដើមឈើមួយដើម» ពិសេសគឺការជំរុញឱ្យភ្ញៀវទេសចរចូលរួមដាំដើមកោងកាង ទោះនៅទីណាក៏ដោយ។

លោកបានបន្តថា នៅពេលទេសចរដាំហើយ សហគមន៍ត្រូវមានការចុះឈ្មោះជូនទេសចរដែលជាអ្នកដាំនោះ។ ធ្វើបែបនេះគឺដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាទីកន្លែងទាំងនោះម្ដងទៀត ឬច្រើនដងទៀត នៅពេលដែលពួកគេមកមើលដើមឈើដែលពួកគេបានដាំកាលពីមុន។

លោករដ្ឋមន្ត្រីបានបន្តយ៉ាងដូច្នេះថា «ចលនាទេសចរម្នាក់ ដើមឈើមួយដើម មិនត្រឹមតែផ្នែកចូលរួមថែរក្សាការពារបរិស្ថានទេ តែចលនានេះក៏ជាយន្តការ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាប្រទេសកម្ពុជា កាន់តែច្រើនផងដែរ»

ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យសហគមន៍ព្រៃកោងកាងនៅខេត្តកោះកុង ខិតខំថែទាំសួនទេសចរណ៍ឱ្យល្អទុកសម្រាប់ភ្ញៀវទេសចរដាំដើមឈើអាចមករាល់ថ្ងៃ ហើយត្រូវបានយន្តការក្នុងការគ្រប់គ្រង ហើយយូរៗទៅ សហគមន៍ក៏អាចតម្រូវឱ្យទេសចរបង់ប្រាក់ សម្រាប់អ្នកថែរក្សាដើមឈើរបស់គាត់បានថែមទៀតផង។ មួយវិញទៀត សហគមន៍ទេសចរណ៍ ក៏ត្រូវរាយការណ៍ប្រាប់ទេសចរម្ចាស់ដើមឈើ ពីការថែទាំដើមឈើរបស់ពួកគេផងដែរ៕