(ក្រុងម៉ាក្កះ)៖ ឆ្លៀតក្នុងកំឡុងពេលសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះនេះផងដែរនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក យូសូហ្វ អាល់អូស្សៃមិន អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម OIC​។

លោកទេសរដ្ឋមន្ត្រី បន្ទាប់ពីបានជម្រាបពីវឌ្ឍនភាព​នៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា លោកបានពិភាក្សា និង​ស្នើទៅ OIC សម្របសម្រួល នូវការសម្រេចបានការដាក់បញ្ចូលកម្ពុជា ទៅជាសមាជិកសង្កេតការណ៍របស់អង្គការនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃទី​០២-០០៣ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ។​

អគ្គលេខាធិការអង្គការ OIC បានជម្រាបពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ក្នុងភាពជាសមាជិកសង្កេតការ។ ក្នុងករណីនេះ លោកនឹងដើរតួនាទី​ក្នុងការសម្របសម្រួលឲ្យបញ្ចូលប្រធានបទនេះ ទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១៩នេះ ព្រមទាំងនៅតែរក្សាជានិច្ចនូវគោលជំហរគាំទ្រ បេក្ខភាពកម្ពុជា។

គួរបញ្ជាក់ថា OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ ដែលមានសមាជិកជាប្រទេសឥស្លាម ៥៧ប្រទេស។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានជួបពិភាក្សាការងារជាមួយ លោក មហាំម៉ាត់ អាលី រ៉ស៊ីទ ប្រធានក្រុមប្រឹក្សាពិភពលោក សម្រាប់សហគមន៍មុស្លិមភាគតិច ​ដែលមាន​មូលដ្ឋាន​នៅ​ ប្រទេសអារ៉ាប់រួមអេមីរ៉ាតផងដែរ។​

លោកប្រធានក្រុមប្រឹក្សាបានសម្តែងការសប្បាយរីករាយ ដ​ល់សហគមន៍មុស្លិម​នៅកម្ពុជា ដែលបានកំពុងរួមរស់ ក្រោមម្លប់សន្តិភាព និង​គោលនយោបាយសុខដុមបនីយកម្ម ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ទាប់ពីបានពិភាក្សាលើការគ្រោងរៀបចំសន្និសីទអន្តរជាតិខាងលើរួច ភាគីទាំងពីរបានបន្តកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងនោះក៏មានវិស័យអប់រំ និងកិច្ចការឥស្លាមផងដែរ៕