(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានប្រកាសនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។

ការប្រកាសរបស់ លោក​ គង់ គាំ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានអនុម័តទាំងស្រុងដោយឥតកែប្រែទៅលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទន្ទឹង គឺតាំងពីចាប់ផ្តើមមានវិសោធនកម្មមក ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីនឹងស្នើសុំទៅសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធ្វើសេចក្តីស្នើដើម្បីឱ្យខ្ញុំមាននីតិសម្បទាធ្វើនយោបាយឡើងវិញ»

លោកគង់ គាំ បានអះអាងថា តាំងពីចុងឆ្នាំ២០១៧មក លោកបានអនុវត្តបានត្រឹមត្រូវតាមសាលដីការបស់តុលាការកំពូល ដោយមិនបានធ្វើសកម្មភាពនយោបាយ និងមិនបានចូលរួមជាមួយគណបក្សនយោបាយណាមួយទេ ហើយក៏មិនបានឈរឈ្មោះអ្វីទាំងអស់ ដូច្នេះលោកជឿជាក់ថា លោកនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីធ្វើការស្នើសុំនេះ។

សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្ម ច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានត្រៀមរួចរាល់ហើយ ក្នុងការស្នើថ្វាយព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយចំពោះជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងមក នៅពេលសេចក្តីស្នើច្បាប់នេះចូលជាធរមាន។ សម្តេចតេជោ ក៏បានព្រមានថា ជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនអនុវត្តតាមសាលដីកា មិនត្រឹមតែមិនទទួលបានការស្នើលើកលែងទេ ថែមទាំងត្រូវជាប់ពន្ធនាគារថែមទៀត៕