(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានសម្រេចផ្តល់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

ពិធីចុះហត្ថលេខាផ្តល់ និងទទួលកម្ចីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះតែម្តងរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ADB។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិត (គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រលេខ ១៥៩+០០០) ពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC និងជួសជុលផ្លូវជាតិលេខ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ (គីឡូម៉ែត្រលេខ៣១៧+៦៣០ ដល់គីឡូម៉ែត្រលេខ៣៦៧+៥១២) ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ AC ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា កំណាត់ផ្លូវទាំងពីរនេះ នឹងធ្វើការលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើពេល ៥៤ខែ ដែលនឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣។

ប្រភពបន្តថា តាមរយៈថវិកាកម្ចីនេះ ក៏នឹងមានការស្ថាបនាមន្ទីរពិសោធន៍សម្ភារៈសំណង់ចំនួន៤កន្លែង នៅខេត្តក្រចេះ កំពត សៀមរាប និងពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ឲ្យកាន់តែមានគុណភាពរឹងមាំល្អ៕

កំណាត់ផ្លូវជាតិលេខ៦ ដែលត្រូវធ្វើការកែលម្អ

កំណាត់ផ្លូវជាតិលេខ១ ដែលត្រូវលើកកម្ពស់គុណភាពពីកម្រាលកៅស៊ូ DBST ទៅជា AC