(ក្រុងរីយ៉ាដ-អារ៉ាប៊ីសាអូឌីត)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនេះផងដែរ មុននឹងសន្និសីទអន្តរជាតិ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨​ បានបន្តជួបសំណេះសំណាលជាមួយ លោក Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្ត្រីកិច្ចការឥស្លាម នៅទីស្តីការក្រសួង ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកិច្ចការឥស្លាម ជាពិសេសវិស័យអប់រំ និងមនុស្សធម៌ផងដែរ។​

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបអំពីសុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល គិតគូរប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជានិច្ចកាលតែងតែ បានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែង ដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកក៏ស្នើឲ្យ បន្តកិច្ចសហការផ្តល់ជំនួយមនុស្សធម៌នេះ ឲ្យកាន់តែច្រើនថែមទៀតផងដែរ។

លោករដ្ឋមន្ត្រីកិច្ចការឥស្លាម Abdullatif​ Al-Sheikh បានកោតសរសើរពីការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ហើយលោកតែងតែរំលឹកអពីកេរ្ដិ៍ឈ្មោះ បោះសម្លេងពីការដឹកនាំដ៏ល្អរបស់សម្តេច ដែលពិភពលោក​មិនសរសើរមិនបាន ហើយក៏កាន់តែមិនអាចលាក់បាំងបានទៀតផង។

តាំងនាមក្រសួងកិច្ចការឥស្លាម លោកសន្យាថា នៅតែបន្តផ្តល់លទ្ធភាពដែលអាចធ្វើទៅបាន ហើយព្យាយាមឲ្យបានកាន់តែច្រើន ទាំងការឧបត្ថម្ភដល់ តំណាងអ្នកឃោសនិកអប់រំ និងមនុស្សធម៌ផ្សេងៗ ដើម្បីសហការចូលរួមលើកកម្ពស់ធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះដែរ លោកក៏បានរំលឹកអំពីការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្ស ព្រោះគ្មានកត្តាណាមួយ ដែលមានតម្លៃជាងកត្តាសន្តិភាពនោះទេ ប្រទេសដែលមានសុខសន្តិភាព គឺការអភិវឌ្ឍន៍លើគ្រប់វិស័យនឹងកើតមានជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅកាន់ ក្រុមការងារឃោសនិករបស់ក្រសួង ដែលបំពេញការងារនៅ​កម្ពុជា ត្រូវធ្វើការសហការល្អ ជាមួយថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏ដូចជាការសហការល្អ ជាមួយ​គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលមានភារកិច្ចទទួលបន្ទុកកិច្ចការឥស្លាមក្នុងប្រទេស៕