(អារ៉ាប់ប៊ីសាអូឌីត)៖ ក្នុងដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង​ម៉ាក្កះ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីទៅចូលរួម​សន្និសីទអន្តរជាតិ ស្តីអំពី «សាមគ្គីភាពឥស្លាម» មុននឹងចាប់សន្និសីទនេះ នៅឯទីក្រុងរីយ៉ាដ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Eng. Yousef Ibrahim Al-Bassam អនុប្រធានមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ (SFD)។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា ជំនួបនេះ​ធ្វើឡើងក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ និងជំរុញអំពីលក្ខខណ្ឌ លើកលែងផ្សេងៗរបស់ SFD ដល់កម្ពុជា ដើម្បី​បានទទួលកម្ចីសម្បទានពីមូលនិធិនេះ ក្នុងគម្រោងអភិវឌ្ឍន៍វិស័យនានា។

លោក Eng. Yousef Ibrahim បានសម្តែងនូវកិច្ចស្ចាគមន៍យ៉ាងកក់ក្តៅរបស់ លោកទេសរដ្ឋមន្រ្តី និងសហការី ដែលបានអញ្ជើញជួបសម្តែងការគួរសម ជាពិសេស ការពិភាក្សាទៅលើគម្រោងសម្បទាននេះ តបនឹងកំណើនសេដ្ឋកិច្ចជាវិជ្ជមានរបស់កម្ពុជា ដល់ទៅជាង​៧ភាគរយកំឡុងពេលជាង២ទស្សវត្សមកនេះ លោកនឹងពិនិត្យមើលពីលទ្ធភាពសម្រួលលក្ខខណ្ឌមួយចំនួទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឈានដល់ការផ្តល់កម្ចីសម្បទាននេះ មកកាន់កម្ពុជាបានជោគជ័យ។

គួរបញ្ជាក់ថា មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ (SFD) ជាស្ថាប័នសាធារណៈ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានកញ្ចប់ថវិកាឯករាជ្យ ដែលមានដើមទុនសរុបប្រមាណ ៩ពាន់លានដុល្លារអាមេរិក​។ មូលនិធិ SFD បង្កើតឡើងនៅថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ១៩៧៤ និងបានផ្តើមអនុវត្តការសកម្មភាព នៅថ្ងៃទី០១ ខែមិនា ឆ្នាំ១៩៧៥ ដែលផ្តោតសំខាន់ទៅលើការផ្តល់ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ទៅលើគម្រោងអភិវឌ្ឈន៍ វិស័យជាអាទិភាពនានា នៅតាមបណ្តាប្រទេសចំនួន​៨២ នៅលើពិភពលោក លើគម្រោងអភិវឌ្ឍន៍ចំនួន​៦០៩​គម្រោង សរុបជាទឹកប្រាក់ ឥណទានប្រមាណជាង​១៣ពាន់លានដុល្លាអាមេរិក រួចហើយ​ក្នុងនោះប្រទេសនៅអាស៊ីចំនួន​២៩ (អាស៊ានចំនួន៦​ប្រទេស) ដែលទទួលផលពីឥណទាននេះ សរុបប្រមាណជាង​៥៧៧​លានដុល្លារ ដូចជា៖ ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។

គណៈប្រតិភូមូលនិធិ SFD ក៏ធ្លាប់បានមកទស្សនកិច្ចសិក្សាពីគម្រោងផ្តល់កម្ចីហិរញ្ញប្បទាននៅកម្ពុជាផងដែរ កាលពីដើមឆ្នាំ២០១៨ ពីថ្ងៃទី២៥-២៧ ខែមករា ក្នុងឱកាសនោះ គណៈប្រតិភួក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក អេង ហួត តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល និងលោក អ៊ឹម សួរ អគ្គលេខាធិការរងតំណាង, លោកឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ៕