(ភ្នំពេញ)៖ យន្តការសំខាន់ៗចំនួន៧ ត្រូវបានព្រមព្រៀងដាក់ចេញរវាងស្ថាប័នគយ និងវិស័យឯក ដើម្បីសម្រួលដល់ការបង់ពន្ធគយ។ យន្តការនេះ ត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី៧ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងបន្តពិភាក្សាដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តយន្តការសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សមាសភាពនៃយន្តការជាមន្ត្រីគយនិងរដ្ឋាករ និងតំណាងវិស័យឯកជន រួមមានសភាពាណិជ្ជកម្មកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមសហគ្រាសធុនតូច-មធ្យម, សមាគមដឹកជញ្ជូនកម្ពុជា, ក្លឹបធុរកិច្ចជប៉ុន, ក្រុមហ៊ុននាំចេញ-នាំចូល, និងតំណាងដៃគូអភិវឌ្ឍអន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំអ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា យន្តការភាពជាដៃគូគយ-វិស័យឯកជន គឺជាវេទិកានៃការពិគ្រោះយោបល់គ្នាដើម្បីស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ ស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត គុណ ញឹម បានគូសរំលេចនូវលទ្ធផលយ៉ាងល្អប្រសើរនៃការប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ដែលមានតួលេខកំណើន ២ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ប្រការនេះបានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើងទាំងកម្រិតអនុលោមភាពរបស់វិស័យឯកជន ក៏ដូចជាអភិបាលកិច្ចល្អក្នុងអង្គភាពគយផងដែរ។

លោកបណ្ឌិតក៏បានលើកឡើងពីការកែសម្រួលសមាសភាពយន្តការ និងបន្ថែមក្រុមការងារជំនាញថ្មីមួយទៀត គឺ «ក្រុមការងារគយ-សហគ្រាសធុនតូចនិងមធ្យម» ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពិពិធកម្មឧស្សាហកម្ម និងផលិកម្មនៅកម្ពុជា ។

នាឱកាសនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពនាពេលកន្លងមក ជាពិសេសលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំការងារជំនាញទាំង៤ របស់យន្តការ ក្នុងចន្លោះពេលរវាងកិច្ចប្រជុំលើកទី៦ និងទី៧នេះ ដែលបានរួមគ្នាដោះស្រាយនូវបញ្ហាពាក់ព័ន្ធការងារគយចំនួន ៤០សំណូមពរ ព្រមទាំងបានចេញនូវបទប្បញ្ញត្តិចាំបាច់មួយចំនួនផងដែរក្នុងការបន្តធ្វើសាមញ្ញកម្មនិតិវិធីគយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងធុរជនពាក់ព័ន្ធបន្ថែមទៀត។

កិច្ចប្រជុំបានដំណើរការពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយវិស័យឯកជននាពេលថ្មីៗនេះ និងបានឯកភាពគ្នាលើដំណោះស្រាយតាមបញ្ហានីមួយៗ ដែលពាក់ព័ន្ធមានដូចជា៖ (១) ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ, (២) ការធ្វើសាមញ្ញកម្មនីតិវិធីទំនិញសេវាបញ្ញើរហ័ស, (៣) ការរៀបចំនិងដាក់អនុវត្តកម្រៃសេវាគយ, (៤) ការផ្ទៀតផ្ទាត់តម្លៃគិតពន្ធគយ, (៥) ការចូលរួមចំណែករបស់គយ និងវិស័យឯកជនក្នុងការអនុវត្ត គោលនយោបាយពិពិធកម្មសេដ្ឋកិច្ច, (៦) ការរៀបចំខ្លួនឆ្លើយតបចំពោះការវិវត្តន៍នៃសេដ្ឋកិច្ចឌីជីថល និង (៧) ការកែសម្រួលអនុក្រឹត្យស្តីពីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ (អនុក្រឹត្យ ២០៩) ជាដើម។

លើសពីនេះ ភាគីទាំងសងខាងក៏បានបង្ហាញនូវគោលជំហរគាំទ្រគ្នាទៅវិញទៅមកលើការងារមួយចំនួនទៀត ជាពិសេសការសម្របសម្រួលផ្នែកឯកជនគ្រប់ស្ថាប័នឲ្យមានសំឡេងតែមួយ ដើម្បីជជែកជាមួយតំណាងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងបន្តកិច្ចសហការគ្នា និងជំរុញឲ្យក្រុមការងារតាមវិស័យនីមួយៗ បង្កើនការពិភាក្សាដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕