(ភ្នំពេញ)៖ លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្រសួង នឹងបន្ដដឹកនាំការសម្របសម្រួល ក្នុងការលើកកម្ពស់បង្កើនភាព អង់អាចដល់ស្ដ្រី ជាពិសេស លើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការអប់រំ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ដ្រី និងក្មេងស្រី ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងនយោបាយ សុខភាពរបស់ស្ដ្រី និងការប្រែប្រួលអាកាសធាតុ។

ការបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែល លោកស្រី ឃឹម ចំរើន តំណាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីទិវាទូតសុឆន្ទៈភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «អ្វីៗគ្រប់យ៉ាង គឺដោយសារខ្ញុំ ហើយខ្ញុំ គឺជាប្រភពនៃអ្វីៗគ្រប់យ៉ាង» ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោកស្រី ឃឹម ចំរើន បានឲ្យដឹងថា នៅក្នុងអាណិត្ដទី៦នេះ ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័ន នឹងអនុវត្ដតាមដាន ការអនុវត្ដគោលនយោបាយជាតិ ស្ដីពីសមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបយេនឌ័រ ការបង្កើនភាព អង់អាចដល់ស្ដ្រី ទៅក្នុងវិស័យ និងកម្មវិធីអភិវឌ្ឍ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះរបស់ស្ដ្រី និងដើម្បីកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងអភិបាលកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ផងដែរថា «ក្រសួង នឹងបន្ដដឹកនាំការសម្របសម្រួល ក្នុងការលើកកម្ពស់បង្កើនភាពអង់អាចដល់ស្ដ្រី ជាពិសេសលើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការអប់រំកិច្ចការពារ ផ្លូវច្បាប់សម្រាប់ស្ដ្រី និងក្មេងស្រី ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងនយោបាយ សុខភាពរបស់ស្ដ្រី និងការប្រែប្រួលអាកាសធាតុ»

លោកស្រីបានលើកឡើងថា ព្រឹត្ដិការណ៍នេះ រៀបចំឡើងក្នុងគោលដៅ ដើម្បីរួមគ្នាកសាងសង្គមភាពជាអ្នកដឹកនាំ នៅជំនាន់នេះ និងជាការផ្ដល់ឱកាសដល់ទូតសុឆន្ទៈភាពជាអ្នកដឹកនាំ (ចំនួន៨រូប ដែលជាអ្នកទទួល ជ័យលាភី ក្នុងកម្មវិធីទិវាភាពជាដឹកនាំ៤ឆ្នាំកន្លងមក) ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងភាពជាអ្នកដឹកនាំ និងឈានទៅភាពយេនឌ័រ ក្នុងក្របខណ្ឌយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៦ (២០១៩-២០២៣)៕

លោកស្រី ឃឹម ចំរើន បានបន្ថែមទៀតថា ការរៀបចំព្រឹត្ដិការណ៍នេះ ពិតជាជាប់ពាក់ព័ន្ធ និងជាកាលនុវត្ដន៍មួយ ក្នុងការចូលរួមចំណែកអនុវត្ដគោលនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល​ ជាពិសេសដូចមានកំណត់ ក្នុងយុទ្ធសាស្ដ្រចតុកោណ ដំណាក់ទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៤០។

ជាមួយគ្នានោះ លោកស្រីបន្ដថា ក្រសួងកិច្ចការនារី ជឿជាក់ថា​ ព្រឹត្ដិការណ៍នេះ នឹងពង្រឹងនូវកម្លាំងរួមគ្នាកសាងសង្គម ភាពជាអ្នកដឹកនាំនៅជំនាន់នេះ ក្នុងការចែករំលែកបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំ និងឈានទៅពង្រឹកសន្ទុះចិត្ដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសលើការលើកកម្ពស់សមភាពយេនឌ័រ ក្នុងក្របខណ្ឌយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ (២០១៩-២០២៣)៕