(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា «បើគ្មានរណសិរ្ស២ធ្នូ គ្មានកងទ័ពវៀតណាមជួយឧបត្ថម្ភទេ យើងក៏គ្មានថ្ងៃរំដោះ៧មករាដែរ ហើយបើគ្មានថ្ងៃរំដោះ៧មករាទេ យើងក៏គ្មានអ្វីៗដូចបច្ចុប្បន្ននេះទេ»

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី មាស សុភា អមដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ការអភិវឌ្ឍន៍រីកចំរើនរបស់ប្រទេសជាតិសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់វិរៈយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលផ្តើមចេញពីថ្ងៃរណសិរ្ស២ធ្នូ និងថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ពិធីថ្ងៃនេះ គឺធ្វើឡើងក្នុងន័យគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារីរបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានរួមចំណែកក្នុងចលនា២ធ្នូ ក្រោយឈរឡើងដើម្បីរំដោះប្រទេសជាតិ ឲ្យចាកផុតពីរបបប្រលយ័ពូជសាសន៍។

លោកបន្តថា «រណសិរ្ស២ធ្នូរបស់យើង កាលដើមឡើយមានឈ្មោះថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បង្កើតនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨។ ចឹងរណសិរ្យរបស់យើង មកដល់ថ្ងៃនេះ គឺបានដូរឈ្មោះ២ដង គឺពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ប្តូរមករណសិរ្សកសាងមាតុភូមិកម្ពុជា និងប្តូមករណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ»។

ដោយឡែក លោក អ៊ុន ចាន់ដា ក៏បានថ្លែងថា «ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្វពិធីរំលឹកខួបទី៤០ឆ្នាំ ថ្ងៃកំណើតរណសិរ្សសាមគ្គីកម្ពុជា ស្របពេលដែលកម្ពុជា ស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ប្រជាជនសប្បាយរីករាយជាមួយសមិទ្ធិផល ដែលកើតចេញពីស្មារតីសាមគ្គីសង្គ្រោះជាតិកម្ពុជា ឲ្យរួចផុតពីរបបប្រលយ័ពូជសាសន៍ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩»។

លោក អ៊ុន ចាន់ដា បានបន្តទៀតថា ការប្រារព្វមិទ្ទិញមហាជន ក្នុងថ្ងៃនេះគឺក្នុងស្មារតី រំលឹកចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធ ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ ប្រជាជនរហូតទទួលបានជ័យជំនះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានខិតខំការពារ និងកសាងប្រទេសជាតិ ពីរគំនរផេះផង់ និងសង្គ្រាមឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ រហូតបច្ចុប្បន្ននិងអនាគត៕