(ភ្នំពេញ)៖ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ សង្ស័យករណីទុស្សេខ្សែភ្លើង ឆេះសន្ធោសន្ធៅផ្សែងខ្មួលខ្មាញ់ ចេញមកខាងក្រៅ ម្ចាស់ផ្ទះរត់ចេញមកខាងក្រៅ ឲ្យប្រជាពលរដ្ឋ ជួយហៅរថយន្តពន្លត់អគ្គីភ័យ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបុរីភ្នំមាសផ្ទះលេខ៤៣C តាមផ្លូវលេខ៤៥បេតេ ក្រុម១ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ យឹម វណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ចានស្នោ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយមានទំហំ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ក្នុងបុរីភ្នំមាស បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុ ខ្លួនបានដឹកប្រអប់ និងចានស្នោយកដាក់ឲ្យម៉ូយ ស្រាប់តែប្រពន្ធឈ្មោះ គីម ស្រី អាយុ៣៥ឆ្នាំ ទូរស័ព្ទថា មានផ្ទះមានទុស្សេ នៅប្រអប់ភ្លើងក្នុងផ្ទះ កំពុងឆាបឆេះខ្លាំងណាស់។ ប្រពន្ធខ្លួន បានប្រាប់ឲ្យខ្លួន ឆាប់ជិះម៉ូតូត្រលប់មកផ្ទះវិញ ក៏ឃើញភ្លើងឆេះសន្ធោសន្ធៅហុយផ្សែង ខ្មួលខ្មាញ់ចេញមកខាងក្រៅ រួចគិតមិនចេញដួលនៅមុខផ្ទះ មិនដឹងគិតយ៉ាងម៉េចនោះទេ។

លោក តេង ស៉ីណូ អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា មានករណីសង្ស័យទុស្សេខ្សែភ្លើង និងឆេះផ្ទះបុរីភ្នំមាស ឆេះផ្ទះប្រជាពលរដ្ឋ។

លោកបន្តថា ក្រោយមកក៏បានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន រួចហៅរថយន្តពន្លត់អគ្គីភ័យ មកចុះបាញ់ពន្លត់ទប់ស្កាត់ ចៀសវៀងរាលដាល។ លោកថា រថយន្តពន្លត់អគ្គីភ័យមកចំនួន៥គ្រឿង ខណៈរថយន្តរបស់ស្នងការរាជធានី៤គ្រឿង និងរថយន្តរបស់រោងចក្រស្រាបៀរកម្ពុជា ចំនួន១គ្រឿង បំពង់បាញ់ពន្លត់អគ្គីភ័យ១១បំពង់តូច បានចេញបាញ់ពន្លត់ និងរហូតគ្រប់គ្រងបានទាំងស្រុង មិនរាលដាលដល់ផ្ទះជិតខាង។

លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះ មិនទាន់សន្និដ្ឋានករណីអ្វីនោះទេ រង់ចាំស្រាវជ្រាវតែសម្ភារ និងការខូចខាត សរុបជាទឹកប្រាក់ ពី៧ទៅ១០ម៉ឺនដុល្លារអាមេរិក ក្នុងនោះ សម្ភារមានគ្រឿងសង្ហារឹម និងម៉ូតូសណ្ដោងរ៉ឺម៉កចំនួន១គ្រឿង។ កម្លាំងជំនាញសមត្ថកិច្ច បាញ់ទប់ស្កាត់បាន នៅវេលាម៉ោង១៖០០នាទីរសៀល។

ករណីនេះ ក៏មិនមានអ្នកណារងរបួសនោះទេ គ្រាន់តែមានបុរសជាម្ចាស់ផ្ទះភ័យពេក ឃើញផ្ទះខ្លួនឆេះ ក៏ដួលសន្លប់ខ្យល់គរ។ ការសន្និដ្ឋានរងចាំផ្នែកជំនាញមកត្រួតពិនិត្យជាក្រោយ ដោយសារផ្ទះកើតហេតុខាងលើ មានកម្ពស់២ជាន់៥បន្ទប់ សុទ្ធសឹងតែផ្ទុះដោយចាន និងប្រអប់ស្នោ ទើបហុយផ្សែងខ្មៅបែបនេះ៕