(ភ្នំពេញ)៖ លោក ឆែ សូនី ចៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានសួរនាំពាក់ព័ន្ធសំណុំរឿង ក្លែងឯកសារសាធារណៈ និងលួចលក់អចលនទ្រព្យអ្នកដទៃ។

លោក ឆែ សូនី ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនរួចបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ការចាប់ខ្លួន លោក ឆែ សូនី បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ សំណុំរឿងក្លែងឯកសារសាធារណៈ និងលួចលក់អចលនទ្រព្យអ្នកដទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៥ និង២០០៦។

លោកចៅក្រម បានចេញដីកាបង្គាប់ឲ្យនាំខ្លួន លោក ឆែ សូនី យកទៅតុលាការ ដោយសារតែលោកចៅសង្កាត់រូបនេះ មិនព្រមចូលខ្លួនទៅតុលាការ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន៣លើក តាមកាលកំណត់របស់តុលាការ។

ពាក់ព័ន្ធករណីនេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ បានព្យាយាមសុំការបញ្ជាក់ពីលោកចៅក្រម ប៊ុន ធី ប៉ុន្តែលោកមិនបានឆ្លើយតប៕