(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាជាប្រទេសដែលស្ថិតនៅចំកណ្តាល នៃតំបន់ដែលកំពុងមានកំណើនខ្លាំង និងមានសក្តានុពល ដែលជាផ្នែកដ៏សំខាន់មួយ នៃខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់ អាស៊ីបូព៌ា។ ទន្ទឹមនឹងនេះ កម្ពុជា​ជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចយ៉ាងលឿននៅលើពិភពលោក ដែលអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាបន្តបន្ទាប់ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា មានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យ THE POINT ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនោះដែរក៏មានការចូលរួមពី លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន ៣DS PROPERTY MANAGERMENT លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប រួមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

លោក សាយ សំអាល់ បានថ្លែយ៉ាងដូចនេះថា កម្ពុជា​ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងលឿននៅលើពិភពលោក ដែលអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា មានជីវភាពកាន់តែប្រសើរឡើងជាលំដាប់ ដែលបានធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលទាប មកជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងបោះជំហានយ៉ាងជឿជាក់ ឆ្ពោះទៅកាន់ការសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របពេលដែលវិស័យសំខាន់ៗ ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា ឧស្សាហកម្ម កសិក​ម្ម សំណង់ ទេសចរណ៍ វិស័យសេវាកម្មផ្សេងៗ បានកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។

លោកបានបន្ថែមថា ទាំងនេះគឺជាកាលានុវត្តភាពថ្មី សម្រាប់វិស័យសំណង់ និងអចនព្រទ្យនៅកម្ពុជា​ ព្រោះនៅពេលដែលប្រជាពលរដ្ឋ មានជីវភាពកាន់តែខ្ពស់ តម្រូវការគ្រប់បែបយ៉ាង ក៏មានការកើនឡើងផងដែរ​ រាប់ទាំងអគារស្នាក់នៅ អគារការិយាល័យ ប្រកបដោយស្តង់ដារខ្ពស់ បរិស្ថានល្អ និងផាសុខភាពកាន់តែប្រសើរ ហើយសមិទ្ធផល ដែលអាចសម្រេចបានដូចនេះ ក៏ដោយសារតែមានរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ យុទ្ធសាស្ត្រចតុកោណទាំង ៣ដំណាក់កាល និងផែនការណ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់ ដែលនេះជាការពង្រឹងនូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

លោកបានបន្ថែមថា ឆ្លើយតបទៅនឹងនិន្នា​ការណ៍ កើនឡើងយ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា ក្រសួងបរិស្ថានក៏បានខិតខំ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការកែលម្អរក្របខណ្ឌច្បាប់ និង​គោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូរកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺវិស័យឯកជន ដើម្បីលើកកម្ពស់អនុលោមភាព ទៅតាមច្បាប់នៅកម្ពុជា សំដៅរួមគ្នាគាំពារបរិស្ថាន និងគាំទ្រដល់ការប្រកបធុរកិច្ចរបស់សហគ្រាស ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាពផងដែរ។

លោក ផូរ សុធារៈ បានឲ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យ THE POINT គឺបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ លើអគារការិយាល័យសម័យថ្មី ដែលបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើប ផាសុខភាព ដែលស្ថិតជាមួយបណ្ដុំហាងទំនិញ ហាងអាហារ និងជាកន្លែងមានកិត្យានុភាពផលិតភាពខ្ពស់។ វត្តមាន THE POINT និងចូលរួមមកកាត់បន្ថយអត្រាភាពក្រីក្រតាមរយៈការបង្កើតការងារ កាត់បន្ថយកម្មករចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិបានមួយកម្រិតទៀតផងដែរ។

លោកបានឲ្យដឹងទៀតថា គោលដៅសម្រាប់ជាកន្លែងទិញទំនិញ ពិសាភោជនាហារ និងជាសួនលំហែ ដែលមានដើមឈើធំៗ ព័ទ្ធជុំវិញទៅដោយអាគារខ្ពស់ៗ។ កន្លែងលក់ទំនិញដ៏សម្បូរបែប ដែលស្ថិតនៅជាន់ផ្ទាល់ដីរបស់ THE POINT ធ្វើឲ្យអ្នកមកទស្សនាមានគេភាពងាយស្រួល និងមានអារម្មណ៍ដូចជាកំពុងដើរកំសាន្ត។ ក្រៅពីនេះភាពទាក់ទាញផ្សេងៗ ទៀត នឹងកើតមានលើអាងបៃតងដ៏ប្រណិត អមជាមួយដើមឈើធំៗ ដែលជាម្លប់ដល់កន្លែងអង្គុយសម្រាកផងដែរ។ គម្រោងសាងសង់មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអាគារការិយាល័យTHE POINT មានកម្ពស់ ៦ជាន់ ទំហំ១០១៨៧.៩២ ម៉ែត្រការ៉េ ដែលអាចទទួលបុគ្គលិកបានដល់ ១ពាន់នាក់ដោយគ្មានបញ្ហាចោទនោះទេ៕