(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចេញមុខធានាដល់ សហជីព៣រូប ក្នុងចំណោម៦រូប ដែលតុលាការកាត់ទោសពីម្សិលមិញនោះថា ពួកគេមិនមានការពាក់ព័ន្ធនឹងករណីហិង្សានៅលើផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះឡើយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

សហជីព៣រូប ក្នុងចំណោម៦រូបនោះ រួមមាន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា, លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​ ដែលពួកគេត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ តែទោសទាំងអស់ត្រូវព្យួរ កាលពីម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីហិង្សានៅលើផ្លូវវេងស្រេង នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ករណីវេងស្រេងជាអង្គហេតុ និងអង្គច្បាប់ នរណាក៏ដោយដែលពាក់ព័ន្ធត្រូវមានទោស ព្រោះករណីផ្លូវវេងស្រេងជារឿងធ្ងន់ធ្ងរណាស់ មានដល់ការស្លាប់មនុស្ស មានដល់ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន ដែលត្រូវតែមានទោសដាច់ខាត។ នេះគឺជាអង្គហេតុរួម ដែលអ្នកពាក់ព័ន្ធករណីផ្លូវវេងស្រេងត្រូវមានទោស ព្រោះរឿងនេះជាផ្នែកមួយ នៃដំណើរការផ្តួលរំលំ ដែលលទ្ធផលរបស់វានាំទៅដល់ការរំលាយគណបក្ស ហើយមនុស្សមួយចំនួនកំពុងជាប់ខ្នោះ ជាប់គុក ឬកំពុងស្ថិតនៅក្នុងការឃុំឃាំង។ ប៉ុន្តែរឿងករណីបុគ្គល មនុស្ស៣នាក់មិនពាក់ព័ន្ធទេ គឺ១៖ អាត់ ធន់, ២៖ ប៉ាវ ស៊ីណា និង៣៖ ជា មុនី ត្រង់រឿង៣នាក់ផ្សេងទៀតខ្ញុំមិនហ៊ានអះអាងទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យសហជីពដែលត្រូវតុលាការកាត់ទោសនេះធ្វើការប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ ហើយសម្តេចក៏នឹងប្រាប់អំពីសាក្សីដោះបន្ទុក ដែលបង្ហាញថា សហជីពទាំង៣នាក់ខាងលើ មិនពាក់ព័ន្ធនឹងករណីហិង្សាលើផ្លូវវេងស្រេងផងដែរ។

យ៉ាងណាមិញ ខណៈថ្លែងអំពីរឿងសហជីពនេះ សម្តេចបានលើកឡើងថា អ្វីដែលសម្តេចអំពាវនាវឱ្យពន្លឿនរឿងសហជីពនេះ មិនមែនជាការដាក់សម្ពាធទៅលើប្រព័ន្ធតុលាការទេ ប៉ុន្តែជាការជំរុញដោយក្រសួងការងារ និងក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ធ្វើការជាមួយតុលាការតែប៉ុណ្ណោះ៕