(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងកម្មករនិយោជិត តំណាងនិយោជក និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពិភាក្សាឱ្យបានហ្មត់ចត់លើការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យផ្សេងទៀត ដូចជាវិស័យសំណង់ សេវាកម្ម អ្នកបម្រើការតាមផ្ទះ និងវិស័យកសិកម្មជាដើម។

ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសបន្តចុះសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ជំនួបសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១០ ទិវាសិទ្ធិមនុស្សកន្លងទៅ យើងបានទទួលនូវសំណើរតាមរយៈញាត្តិរបស់សាហជីពមួយចំនួន ឲ្យយើងកំណត់ថ្លៃឈ្នួលអប្ប​បរមា ទៅលើកម្មករសំណង់ យើងត្រូវពិនិត្យមើលថាតើ គួរត្រូវបានកំណត់លើវិស័យណាខ្លះ កន្លងទៅយើងបានកំណត់តែក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងតែប៉ុណ្ណោះ គឺ១៨២ដុល្លារ ​ចឹងយើងគួរឈានទៅកំណត់ក្នុងវិស័យផ្សេងទៀត.............. ...........​ប៉ុន្តែខ្ញុំនៅតែស្នើសុំឲ្យមានការកំណត់ទាំងអស់ ដើម្បីធានាថា ប្រទេសរបស់យើងអ្នកធ្វើការ យើងត្រូវដឹងពីចំណូល និងវិធានការគេងប្រវ័ញ្ច នៃកម្លាំងពលកម្ម ខ្ញុំសូមផ្តាំផ្ញើចំពោះកម្មករធ្វើការតាមផ្ទះ បើទោះបីមិនទាន់បានកំ​​ណត់ នូវ​ប្រាក់ឈ្នួលអប្បប​រ​មា អ្នកធ្វើការតាមផ្ទះក៏ដោយចុះ»

ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ ប្រជាពលរដ្ឋទទួលបានឱកាសការងារលើគ្រប់វិស័យ ហើយការធានាសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់កម្មករនិយោជិត កំពុងទទួលបានការយកចិត្តទុកដាក់ផងនោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលពិតជាមានឆន្ទៈជំរុញឱ្យប្រទេសកម្ពុជា ឈានទៅដល់ការកំណត់ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យផ្សេងទៀតក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ទើបនឹងទទួលបានញត្តិពីក្រុមសហជីពមួយចំនួនផងដែរ ក្នុងឱកាសទិវាសិទ្ធិមនុស្ស កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ អំពីការស្នើសុំឱ្យរាជរដ្ឋាភិបាលពិចារណា លើការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យផ្សេងៗទៀត ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដូចជាវិស័យសំណង់ សេវាកម្ម និងអ្នកបម្រើការតាមផ្ទះជាដើម។

ដូច្នេះហើយបានជាសម្ដេចតេជោ ហ៊ុន សែន ឆ្លៀតយកឱកាសជួបកម្មករនាថ្ងៃនេះ បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាពិភាក្សាលើចំណុចនេះឱ្យបានហ្មត់ចត់បំផុត ដើម្បីឈានទៅសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ សេវាកម្ម អ្នកបម្រើការតាមផ្ទះ កសិកម្មជាដើម។

ដោយសារសម្លឹងឃើញនូវបញ្ហាមួយចំនួនរបស់អ្នកបម្រើការនៅតាមផ្ទះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលជួលអ្នកបម្រើការតាមផ្ទះ មេត្តាអាណិតអាសូរ និងយោគយល់ដល់ពួគគេផង ហើយកុំធ្វើបាបកុមារតូចៗដូចការបង្ហោះតាម Facebook កន្លងទៅ ដែលមានការវាយធ្វើបាបក្មេងអ្នកបម្រើ ពីព្រោះវាជារឿងអយុត្តិធម៌ និងអគុណធម៌ខ្លាំងណាស់ ហើយមិនគួរឱ្យកើតមានក្នុងចំណោមជាតិសាសន៍កម្ពុជានោះឡើយ៕