(កំពង់ស្ពឺ)៖ ថ្លែងចេញពីខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារ ដែលកំពុងដំណើរការរកស៊ីនៅខេត្តជាប់មាត់សមុទ្រ រួមមាន ខេត្តព្រះសីហនុ កោះកុង កែប និងកំពត សូមកុំដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកល ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តប្រកបដោយរីករាយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅក្នុងខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានអំពាវនាវសម្រាប់បុណ្យសមុទ្រ នៅខេត្តកោះកុង ឬក៏ដាច់ឆ្នាំ [ឆ្លងឆ្នាំសកល] នៅខេត្តព្រះសីហនុ នៅខេត្តកែប ខេត្តកំពត សណ្ឋាគារខិតខំរក្សានៅតម្លៃ ផ្ទះឈ្នួលខិតខំរក្សានៅតម្លៃ»

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងនូវទ្រឹស្តីសេដ្ឋកិច្ចផងដែរ រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ គឺតែងតែមានចំណុចខុសគ្នា នៅពេលណាដែលសេចក្តីត្រូវការមានតិច ការផ្គត់ផ្គង់មានច្រើន តម្លៃតែងតែថោក។ ពេលណាសេចក្តីត្រូវការមានច្រើន ហើយការផ្គត់ផ្គង់មានតិច តម្លៃគឺត្រូវតែខ្ពស់។ ជាស្តែងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឲ្យតែខែមហាសន្និបាទអង្គការសហប្រជាជាតិ ថ្លៃសណ្ឋាគារឡើង១០០ ឬ១២០ភាគរយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «សូមកុំឲ្យម្ចាស់ផ្ទះ ឬម្ចាស់សណ្ឋាគារកាប់ឆៅ ឃើញថាគ្នាទៅដោយខ្វះកន្លែងដេកហើយ ដូចសាច់ជ្រូក៣ជាន់ អាហ្នឹងក៏វាមិនត្រូវដែរ»

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវដំបូន្មានសម្រាប់អ្នកធ្វើជំនួញផងដែរ ដោយសម្តេចតេជោ លើកឡើងថា អ្នកធ្វើជំនួញជោគជ័យ គឺធ្វើអ្នកទិញម្នាក់ដែលធ្លាប់ទិញទំនិញ ឬសេវាកម្មរបស់យើងម្តង និងនាំបងប្អូន ឬគ្រួសាររបស់ពួកគេមកទិញម្តងទៀត បើអ្នកទិញមកទិញម្តងហើយ រាងចាលមិនមកទិញម្តងទៀតទេនោះ គឺការធ្វើជំនួញបរាជ័យហើយ។

សូមជម្រាបថា បុណ្យសមុទ្រនឹងត្រូវរៀបចំឡើងនៅខេត្តកោះកុង នៅថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជាឱកាសដែលបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមទាំងទស្សនាកម្សាន្តច្រើន ខណៈដែលបុណ្យឆ្លងឆ្នាំសកល នឹងចូលមកដល់នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក៏ជាឱកាសដែលបងប្អូនសម្រុក ធ្វើដំណើរកម្សាន្តច្រើនផងដែរ នៅតាមខេត្តមាត់សមុទ្រ ដែលហេតុនេះហើយទើបសម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំមានការដំឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារ៕