(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការបំផុសបំផុលរបស់ក្រុមប្រឆាំង​តាមរយៈបណ្តាញសង្គម Facebook ដែលថា គណបក្សប្រជាជននឹងដកតំណែងសម្តេច ស ខេង និង សម្តេច សាយ ឈុំនោះ គឺជារឿងភូតកុហកសុទ្ធសាធ។ ជាមួយគ្នានេះសម្តេចបានអះអាងថា ដោយសារតែក្រុមប្រឆាំង ពូកែភូតភរ បំភ្លៃនេះហើយ ទើបធ្វើឱ្យបក្សរបស់ខ្លួនរលាយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង ជាពិសេសសកម្មជនប្រឆាំង ឆាម​ ឆានី បានផ្សព្វផ្សាយបំភ្លៃថា ​គណបក្សប្រជាជនកម្ពុជា នឹងធ្វើសមាជរបស់ខ្លួននៅពេលខាងមុខនេះ ហើយសម្តេចតេជោហ៊ុន សែន នឹងដកដំណែងពីសម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ ព្រមទាំងបំភ្លៃទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចិន ហើយគ្មានឱកាសចូលប្រទេសឡើយ។

សម្តេចតេជោ ហ៊ុន សែន បានហៅជនដែលបំភ្លៃរឿងទាំងនេះថា ជាជនតិរច្ឆាន និងក្មេងពាល។

សម្តេចបានមានប្រសាសន៍ថា៖ «ឱ ! អាតិរច្ឆានអើយ ! ថ្ងៃ២៤ អញទៅកោះកុង ថ្ងៃ១៥ អញថ្លែងការណ៍នៅកោះកុង អញមានទៅស្រុកចិនឯណាអញ បើភូតថ្លុកភូតត្រពាំងរបៀបនេះ ឯងធ្វើៗអី? កុំភូត ដោយសារតែពួកឯងពូកែភូតហ្នឹងហើយ បានវាអញ្ចឹង វារលាយ»

សម្តេចបានបន្តថា «ខ្ញុំនៅក្នុងស្រុកទេ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ ! គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់ថា នៅជាមួយគ្នាជាង៤០ឆ្នាំហើយ គេអត់ទៅណាឱ្យបែកគ្នាទេ ខ្ញុំមិនចង់ថាឱ្យនរណាទេ»

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដែរថា ការប៉ាន់ប្រមាណជំហានដើររបស់សម្តេច និងគណបក្សប្រជាជនខុសបែបនេះ បានធ្វើឱ្យសម្តេចឈ្នះជានិច្ច។ ចំណែកសម្តេច ក៏តែងតែប៉ាន់ប្រមាណជំហើរដើររបស់សត្រូវបានយ៉ាងត្រឹមត្រូវផងដែរ ទើបធ្វើឱ្យសម្តេចឈ្នះរហូតមក។

សម្តេចបានថ្លែងថា «អាហ្នឹងយើងឈ្នះគេហើយ តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងក៏យើងឈ្នះគេ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេ អាហ្នឹងគឺគេចាញ់ហើយ»